ក្លិបបាល់ទាត់ Chelsea ត្រូវបានយល់ថាបានបង្កើតកំហុសដែលបានចុះហត្ថលេខាជាមួយ Wesley Fofana ដែលបានជួបបញ្ហារបួសដាច់សរសៃជង្គង់ ACL កាលពីពេលថ្មីៗនេះ ហើយសម្រេចចិត្តមិនទិញ Harry Maguire កាលពីឆ្នាំមុន។
លោក Paul Merson ដែលជាអ្នកវិភាគរបស់ Skysports បាននិយាយថា Chelsea មានកំហុសក្នុងការជ្រើសរើស Fofana ជំនួស Maguire កាលពីទីផ្សារដោះដូរកីឡាករនារដូវក្តៅឆ្នាំមុន។ កីឡាករសញ្ជាតិបារាំងរូបនេះ បានផ្ទេរពីក្រុម Leicester City ក្នុងតម្លៃ ៧៥លានផោន ប៉ុន្តែបានជូបនូវបញ្ហារបួសនៅកីឡដ្ឋាន Stamford Bridge ។
Fofana ដែលមានវ័យ ២២ឆ្នាំ ទំនងជាអវត្តមានរយៈពេលយូរ សម្រាប់រដូវកាល ២០២៣-២៤ ខាងមុខ ដែលបង្កក្ដីកង្វល់សម្រាប់អ្នកចាត់ការទូទៅថ្មីរបស Chelsea គឺលោក Mauricio Pochettino ។
លោកMerson បាននិយាយថា ក្លិបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៍ គួរតែចុះហត្ថលេខាជាមួយកីឡាករជម្រើសជាតិអង់គ្លេសជំនួសវិញ។ លោកបាននិយាយបែបនេះថា៖ “ប្រសិនបើខ្ញុំជា Chelsea ខ្ញុំនឹងទៅរក Harry Maguire ។ គេធ្វើបានល្អណាស់។ គេលេងឱ្យអង់គ្លេសបានល្អ ហើយមិនដែលត្រូវគេរិះគន់ទេ។ ដូច្នេះគេជាខ្សែការពារដ៏ល្អម្នាក់”។
Fofana បានប្រឈមនឹងបញ្ហារបួសញ៉ាំញី ក្នុងអាជីពនៅ Stamford Bridge ចាប់តាំងពីការផ្ទេរពី Leicester ។ រូបគេបានបង្ហាញខ្លួនត្រឹមតែ ២២ដងប៉ុណ្ណោះកាលពីរដូវកាលមុន ដោយបានជួយក្រុម Chelsea ទទួលបាន Clean Sheet ចំនួន ៤ដងផងដែរ៕