
គ្រូបង្វឹក Arsenal លោក Mikel Arteta បានបង្ហាញការពេញចិត្ត និងភាពរីករាយចំពោះល្បឿននៃការផ្ទេរកីឡាករយ៉ាងរហ័សរបស់ក្លិបនីមួយៗក្នុងក្របខណ្ឌ Premier League ខណៈទីផ្សារដោះដូរកំពុងតែបន្ត។
កាលពីពេលថ្មីៗនេះ Arsenal ទើបតែយកបានខ្សែបម្រើ Declan Rice ដោយផ្លាស់ពី West Ham United ក្នុងតម្លៃប្រហែលប្រមាណ ១០៥លានផោន។ Rice ជាកីឡាករទី៣ ដែល Arsenal បានចុះកិច្ចសន្យានាំយកមកពីក្នុងទីផ្សារដោះដូរ បន្ទាប់ពីពួកគេយកបានខ្សែប្រយុទ្ធ Kai Havertz និង Jurrien Timber។
ជុំវិញការនាំចូលកីឡាករបានឆាប់រហ័សបែបនេះ លោក Arteta ប្រាប់អ្នកកាសែតមុនពេល Arsenal ត្រូវជួបប្រកួតទល់នឹង Major League Soccer All-Stars ថា៖ “រាល់ការចុះហត្ថលេខាដែលយើងបានធ្វើ នឹងនាំមកនូវអ្វីដែលពិសេសដល់ក្រុមទាំងមូល។ យើងរីករាយណាស់ ដូចដែលអ្នកអាចស្រមៃថាយើងបានចុះហត្ថលេខាលើកីឡាករដែលយើងចង់បាន ហើយយើងចុះហត្ថលេខាអោយពួកគេឆាប់ៗ ពួកគេក៏បានចាប់ផ្តើមសម្របខ្លួនជាមួយនឹងក្រុមយ៉ាងលឿន។”
ពេលដែលត្រូវបានគេសួរថា Arsenal នឹងសម្លឹងមើលការនាំកីឡាករណាបន្ថែមទៀតមកកាន់ក្រុម គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានអះអាងបន្ថែមថា វេលានៅមានច្រើនក្នុងទីផ្សារពេលនេះ ក្រុមរបស់លោកនឹងរង់ចាំមើលលើសមត្ថភាពកីឡាករ។
ក្រុម Arsenal នឹងចាប់ផ្តើមការប្រកួតប្រជែងនាក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៣-២៤ ដោយត្រូវចាប់ផ្តើមការប្រកួតក្នុងទឹកដីរបស់ខ្លួនប៉ះក្រុម Nottingham Forest នៅថ្ងៃទី១២ ខែសីហា ខាងមុខ៕
