ក្រុម Manchester City បានយល់ព្រមលើសំណើតម្លៃ ៣០ លានផោនពីក្រុម Al-Ahli របស់ក្របខណ្ឌ Saudi Pro League ដើម្បីអនុញ្ញាតឱ្យខ្សែបម្រើស្លាបសញ្ជាតិអាល់ហ្សេរី Riyad Mahrez ចូលរួមជាមួយក្លិបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ថ្មីៗនេះ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានអនុញ្ញាតសម្រាប់អវត្តមានក្នុងដំណើរទស្សនកិច្ចMan City ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ វាមានន័យថា City បានទទួលយកការដេញថ្លៃសម្រាប់ Mahrez ដែលនៅសល់កុងត្រាពីរឆ្នាំទៀត។
Man City បានចំណាយ ៦០លានផោនសម្រាប់ការផ្ទេរ Mahrez ក្នុងឆ្នាំ២០១៨ ហើយរូបគេបានស៊ុតបញ្ចូលទី ១៥ គ្រាប់ក្នុង ៤៧ប្រកួតនៅក្នុងរដូវកាលដែលក្រុមមេឃខៀវឈ្នះពានរង្វាន់ចំនួន៣។
កីឡាករ Karim Benzema, N’Golo Kante និង Ruben Neves បានដើរតាម Cristiano Ronaldo ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងរដូវក្តៅនេះ ខណៈដែលលោក Steven Gerrard វីរបុរសរបស់ក្រុមហង្សក្រហម ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ក្រុម Al-Ettifaq ។
មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានកាន់កាប់ក្លិបចំនួន ៤ របស់ Saudi Pro League រួមទាំង Al-Ahli ផងដែរ ដោយសារលីគមានគោលបំណងក្លាយជាលីគកំពូលទាំង ៥ នៅលើពិភពលោក៕