ខ្សែប្រយុទ្ធ Harry Kane នឹងមិនចុះហត្ថលេខាលើកុងត្រាថ្មីជាមួយ Tottenham Hotspur នោះទេ ខណៈរូបគេចង់បានការផ្លាស់ទៅចូលរួមជាមួយក្លិប Bayern Munich នៅរដូវក្តៅនេះ។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ២៩ឆ្នាំ ជាទីចំណាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ក្លិប អាល្លឺម៉ង់ Bayern Munich និងក្លិបបារាំង Paris Saint-Germain ខណៈដែលកុងត្រារបស់គេ ជាមួយក្លិប Tottenham Hotspur នឹងអស់សុពលភាពនៅខែមិថុនា ឆ្នាំក្រោយ។
បណ្តាប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា Spurs បានផ្តល់កិច្ចសន្យាថ្មី ដែលនឹងទទួលថ្លៃនឿយហត់ ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍។ ប៉ុន្តែ បន្ទាប់ពីខកចិត្តជាច្រើនដង ហើយគួបផ្សំនឹង Spurs គ្មានកៅអីលេងពានរង្វាន់កំពូលទាំង ៣ របស់ទ្វីបអឺរ៉ុប ជាហេតុនាំឱ្យ Harry Kane ចង់ចាកចេញ ដើម្បីស្វែងរកការប្រកួតប្រជែង ជាមួយនឹងឱកាសឈ្នះពានរង្វាន់កម្រិតកំពូល ហើយនៅក្នុងនោះ Bayern Munich គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់រូបគេ។
ការស្ទាក់ស្ទើររបស់ Harry Kane ក្នុងការបន្តស្នាក់នៅ Spurs បានជំរុញយ៉ាងខ្លាំងដល់ Bayern Munich ដែលបរាជ័យ២លើករួចមកហើយ ដើម្បីដេញថ្លៃលើរូបគេ ខណៈ Spurs បានទាមទារតម្លៃយ៉ាងហោចណាស់ ១០០លានផោន។
យ៉ាងណាមិញ លោក Uli Hoeness ក្រុមប្រឹក្សាភិបាលក្លិប Bayern Munich មានទំនុកចិត្តថា ក្លិបយក្សអាល្លឺម៉ង់មួយនេះ នឹងអាចចុះហត្ថលេខានាំយក Harry Kane មកកាន់ទឹកដី Allianz Arena នៅរដូវក្តៅនេះ៕