ក្រុម Borussia Dortmund បានចុះហត្ថលេខាជាមួយខ្សែបម្រើ Marcel Sabitzer ពីគូប្រជែងក្នុងក្របខណ្ឌ Bundesliga ពោលគឺក្រុម Bayern Munich ។
កីឡាករអន្តរជាតិអូទ្រីសវ័យ ២៩ ឆ្នាំរូបនេះ បានចូលរួមជាមួយ Dortmund ក្នុងកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ នៅក្រុម Manchester United ដែលបានខ្ចីជើងកាលពីរដូវកាលមុន បន្ទាប់ពីបានចុះកុងត្រាជាមួយក្លិបនៅកីឡដ្ឋាន Old Trafford កាលពីខែមករា។
Sabitzer បាននិយាយថា៖ “ខ្ញុំអន្ទះសាបំផុតដើម្បីចូលរួមជាមួយមិត្តរួមក្រុមថ្មី ហើយពាក់អាវ BVB” ។ រូបគេបន្តថា៖ “ការពិភាក្សាជាមួយអ្នកចាត់ការទូទៅរបស់ Borussia Dortmund គឺល្អមែនទែន ហើយបង្ហាញខ្ញុំពីមហិច្ឆតារបស់ក្លិប ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ខ្ញុំចង់រួមចំណែកដើម្បីធានាថា BVB សម្រេចបាននូវគោលដៅរបស់ខ្លួន ហើយពួកយើងនឹងអបអរសាទរជាមួយអ្នកគាំទ្ររបស់ពួកយើងម្តងទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។”
Dortmund បានខកខានក្នុងការលើកពានរង្វាន់ Bundesliga ដោយសារចាញ់ Bayern Munich លើផលសងគ្រាប់បាល់ កាលពីរដូវកាលមុន៕