×

គ្រូ Man Utd ដាក់គោលដៅនាំយកខ្សែប្រយុទ្ធ Rasmus Hojlund ពី Atalanta

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បាននិយាយថា ក្រុមរបស់លោកកំពុងឈានដល់គម្រោងក្នុងការស្វែងរកខ្សែប្រយុទ្ធដើម្បីមកចូលរួមក្រុមហើយ ខណៈខ្សែប្រយុទ្ធ Rasmus Hojlund របស់ Atalanta ស្ថិតក្នុងគោលដៅនាំមុខគេ។

ពេលថ្មីៗនេះ ក្រុមបិសាចក្រហមបានច្រានចោលនូវរឿងរ៉ាវចចាមអារ៉ាម ដែលថាខ្លួនកំពុងចង់នាំយកខ្សែប្រយុទ្ធបារាំង Kylian Mbappe និងខ្សែប្រយុទ្ធអង់គ្លេស Harry Kane មកចូលរួមក្រុម ខណៈកីឡាករទាំងពីរ កំពុងមានរឿងមិនច្បាស់លាស់ចំពោះអនាគតជាមួយក្លិបដែលពួកគេកំពុងស្នាក់នៅ។

ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Rasmus Hojlund ដែលមានវ័យត្រឹមតែ ២០ឆ្នាំ ជាកីឡាករតែម្នាក់ប៉ុណ្ណោះ ដែល Man United បានដាក់គោលដៅជាយូរមកហើយ តែពួកគេមានភាពស្ទាក់ស្ទើរក្នុងការជួបជាមួយក្លិប Atalanta ក៏ដូចជាតម្លៃនៃការផ្ទេរប្រមាណ ៦០លានផោន។

លោក Ten Hag បាននិយាយបែបនេះថា៖ “យើងកំពុងចាប់ផ្តើមដំណើរការ។ យើងកំពុងតែធ្វើគ្រប់យ៉ាងចេញពីថាមពលរបស់យើង ដើម្បីឱ្យការងារទទួលបានជោគជ័យ។ សម្រាប់ខ្ញុំ កាន់តែឆាប់ កាន់តែល្អ ព្រោះតែយើងត្រូវការកីឡាករ សម្របខ្លួនកាន់តែលឿន ជាមួយនឹងទម្រង់លេង។”

ការលើកឡើងរបស់លោក Ten Hag បែបនេះបានប្រាប់ពីបំណងថា Man United កំពុងតែត្រូវការខ្សែប្រយុទ្ធវ័យ ២០ឆ្នាំខ្លាំងដើម្បីមកចូលរួមក្រុមត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ខណៈពួកគេ មានតំបន់ប្រយុទ្ធមិនសូវមុតស្រួច។

អំពី Hojlund ដែលក្រុមបិសាចក្រហមកំពុងតាមប្រម៉ាញ់មកចូលរួមក្រុម ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក បានចូលរួមជាក្រុម Atalanta នៅក្នុងឆ្នាំ ២០២២ ដោយរូបគេរកបានគ្រាប់បាល់ចំនួន ១០គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៣៤លើក កាលពីរដូវកាលមុន។

កីឡាករវ័យក្មេងរូបនេះ ថែមទាំងបានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាក អំឡុងខែកញ្ញា ឆ្នាំ២០២២ ដោយគេបានជួយក្រុមជម្រើសជាតិ ប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024 ចំនួន ៦ប្រកួត និងរកបាន ៦គ្រាប់ពីការប្រកួតទាំងនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង