ខ្សែបម្រើស្លាប Wilfried Zaha បានចូលរួមជាមួយក្លិប Galatasaray ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។ នេះបើតាមការឱ្យដឹងពីក្លឹបជើងឯកលីគកំពូលទួតគី។
ការចូលរួមជាមួយក្លិបនាក្របខណ្ឌ Süper Lig គឺបន្ទាប់ពីកិច្ចសន្យារបស់កីឡាករវ័យ៣០ឆ្នាំជាមួយ Crystal Palace ផុតកំណត់។
កីឡាករអន្តរជាតិកូតឌីវ័រ បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិប Crystal Palace និងបានបង្ហាញខ្លួនបាន៤៥៨ ប្រកួតសម្រាប់ក្លិបនៅគ្រប់កម្មវិធី និងបានស៊ុតបញ្ចូលទីបាន ៩០ គ្រាប់ផងដែរ។
Galatasaray បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិបថា Zaha នឹងត្រូវបានបង់ថ្លៃផ្ទេរខ្លួនចំនួន២,៣៣លានអឺរ៉ូ ហើយរូបគេនឹងទទួលបានប្រាក់ឈ្នួលប្រមាណ ៤,៣៥លានអឺរ៉ូ ក្នុងមួយរដូវកាល។
សម្រាប់ការបង្ហាញខ្លួនជាសមាជិកថ្មីជាផ្លូវការអោយ Galatasaray នេះ Wilfried Zaha បានបញ្ចេញចំណាប់អារម្មណ៍ថា៖ “ខ្ញុំពិតជារីករាយ ហើយនេះ នឹងក្លាយជាឱកាសដំបូងរបស់ខ្ញុំក្នុងការក្លាយជាផ្នែកមួយនៃក្លិបដែលមានការប្រកួត Champions League ដូច្នេះផ្នត់គំនិតរបស់ខ្ញុំគឺមកទីនេះ ហើយព្យាយាមឱ្យអស់ពីសមត្ថភាព ព្យាយាមជួយក្លិបឱ្យឈ្នះពាន និងមានភាពជោគជ័យតាមដែលអាចធ្វើទៅបាន។”
សូមបញ្ជាក់ថា Wilfried Zaha បានរីកដុះដាលចេញពីថ្នាលយុវជន Crystal Palace ហើយបានចំណាយពេលភាគច្រើននៃអាជីពរបស់ខ្លួននៅក្លឹបទីក្រុងឡុងដ៍ បន្ទាប់ពីការប្រកបអាជីពរយៈពេល២ឆ្នាំនៅជាមួយក្លិប Manchester United ។
ក្លិបនានា ដូចជា Lazio, Fenerbahce និង Al-Nassr ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Zaha ដែរ ប៉ុន្តែរូបគេបានជ្រើសរើសយក Galatasaray។ Galatasaray បានឈ្នះជើងឯកលីគជាលើកទី ២៣ កាលពីខែឧសភា ដែលជាលើកដំបូង របស់ពួកគេចាប់តាំងពីរដូវកាល ២០១៨-១៩ ហើយនឹងចូលលេងវគ្គជម្រុះពានរង្វាន់ Champions League នាពេលឆាប់ៗនេះ៕