×

Jordan Henderson បញ្ជាក់ពីការចាកចេញពី Liverpool ទៅចូលរួមជាមួយក្រុម Al-Ettifaq

Jordan Henderson បានបញ្ជាក់ថានឹងចាកចេញពី Liverpool ក្រោយនៅទីនេះរយៈពេល ១២ឆ្នាំ ដោយគ្រោងផ្ទេរទៅកាន់ក្រុម Al-Ettifaq នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ខ្សែបម្រើវ័យ ៣៣ឆ្នាំរូបនេះ នឹងចុះហត្ថលេខាសម្រាប់ក្លិបនៅក្របខណ្ឌ Saudi Pro League ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១២ លានផោនបូកនឹងប្រាក់បន្ថែម។

Henderson ជាប្រធានក្រុម Liverpool បានលើកពានរង្វាន់ក្របខណ្ឌ Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣០ ឆ្នាំក្នុងឆ្នាំ២០២០។ រូបគេបានលើកពាន Champions League, FA Cup, League Cup, Uefa Super Cup និង FIFA Club World Cup ។

Henderson នឹងធ្វើការជាមួយអតីតប្រធានក្រុម Liverpool និងអតីតមិត្តរួមក្រុមរបស់គេ គឺលោក Steven Gerrard ដែលជាអ្នកចាត់ការទូទៅរបស់ក្រុម Al-Ettifaq ។ រូបគេនៅជាមួយក្រុម Liverpool ក្នុងជំរុំហ្វឹកហាត់ក្នុងប្រទេសអាល្លឺម៉ង់កាលពីដើមខែកក្កដា ទោះបីជាមិនបានលេងក្នុងការប្រកួតមុនបើករដូវកាលក៏ដោយ។

ខ្សែបម្រើរូបនេះ បានចូលរួមជាមួយក្រុមហង្សក្រហមពីក្រុម Sunderland ក្នុងកិច្ចព្រមព្រៀងតម្លៃ ២០ លានផោនក្នុងខែមិថុនា ឆ្នាំ២០១១ និងបានបង្ហាញខ្លួនចំនួន ៤៩២ លើកសម្រាប់ពួកគេ ដោយស៊ុតបញ្ចូលទីបាន ៣៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៥៧ដង។

កីឡាករល្បីៗជាច្រើនបានចូលរួមជាមួយ Saudi Pro League នៅរដូវក្តៅនេះ ដោយអតីតខ្សែប្រយុទ្ធហង្សក្រហម Roberto Firmino និងអ្នកចាំទី Edouard Mendy របស់ Chelsea បានចុះហត្ថលេខាជាមួយក្រុម Al-Ahli ។ ខ្សែបម្រើស្លាបរបស់ Manchester City គឺ Riyad Mahrez ក៏បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៣០លានផោនជាមួយក្លិបនេះផងដែរ។

Al-Ittihad បានចុះហត្ថលេខាជាមួយកីឡាករ Karim Benzema អតីតខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ N’Golo Kante អតីតខ្សែបម្រើ Chelsea និងខ្សែប្រយុទ្ធព័រទុយហ្គាល់ Jota របស់ក្រុម Celtic ។

ដោយឡែក ក្រុម Al-Hilal បាននាំយកខ្សែបម្រើព័រទុយហ្គាល់ Ruben Neves ពីក្រុម Wolves និងខ្សែការពារសេណេហ្គាល់ Kalidou Koulibaly ពី Chelsea ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង