ខ្សែបម្រើ Jordan Henderson បានធ្វើពិធីលាគ្នាទៅកាន់អ្នកគាំទ្ររបស់ក្លិប Liverpool ដោយបញ្ជាក់ពីការចាកចេញរបស់គេពីក្លឹបបន្ទាប់ពី ១២ ឆ្នាំមុនពេលការផ្លាស់ប្តូរទៅក្លិប Al-Ettifaq របស់អារ៉ាប៊ីសាអ៊ូឌីត។
ជាការពិត Jordan Henderson ត្រូវបានដឹងថា បានសម្រេចចិត្តទៅចូលរួមជាមួយ Al-Etitfaq ដោយចុះកុងត្រារយៈពេលបីឆ្នាំនៅក្លិបអារ៉ាប៊ីសាអ៊ូឌីត។ ខាង Liverpool ក៏បានយល់ព្រមផងដែរក្នុងការផ្ទេរចេញកីឡាករវ័យ៣៣ឆ្នាំ តម្លៃប្រមាណ១២លានផោន។ ក្លិបអារ៉ាប៊ីសាអ៊ូឌីតនឹងផ្សព្វផ្សាយដំណឹងនេះជាផ្លូវការនាពេលឆាប់ៗខាងមុខ។
សម្រាប់ពេលនេះដែរ Jordan Henderson បានធ្វើការបង្ហោះសារលាគ្នាជាមួយ Liverpool នៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ “វាពិបាកក្នុងការប្រើពាក្យលាគ្នាបន្ទាប់ពីការរួមដំណើររយៈពេល ១២ ឆ្នាំចុងក្រោយនេះ។ ខ្ញុំនឹងនៅតែជាសមាជិក Liverpool ជានិច្ច ។ សូមអរគុណអ្នកសម្រាប់អ្វីគ្រប់យ៉ាង។ អ្នកនឹងមិនដើរតែម្នាក់ឯងទេ។”
Henderson បានមកដល់ទឹកដី Anfield ដោយផ្ទេរមកពី Sunderland ក្នុងឆ្នាំ ២០១១ ហើយចាប់តាំងពីពេលនោះមក រូបគេបានបង្ហាញខ្លួនចំនួន ៤៩២ដង ដោយស៊ុតបាន ៣៣ គ្រាប់ និងចែកបាល់សម្រេចទី៦១ដង ក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម។
កីឡាករជម្រើសជាតិអង់គ្លេសបានជួយក្រុមរបស់លោក Juergen Klopp ឈ្នះជើងឯក Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣០ឆ្នាំ កាលពីឆ្នាំ២០២០។ រូបគេក៏បានធ្វើជាប្រធានក្រុម Liverpool ឱ្យឈ្នះពានរង្វាន់ FA Cup, League Cup, UEFA Super Cup និង Club World Cup ផងដែរ។
Henderson នឹងជួបជុំគ្នានៅក្រុម Al-Ettifaq ជាមួយអតីតមិត្តរួមក្រុម Liverpool លោក Steven Gerrard ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំកាលពីដើមខែនេះ៕