×

David Silva អតីតខ្សែបម្រើ Man Cityប្រកាសចូលនិវត្តន៍

អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ David Silva បានប្រកាសចូលនិវត្តន៍កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីបានរងរបួសសរសៃពួរ ACL ក្នុងការហ្វឹកហាត់មុនបើករដូវកាលជាមួយក្លិប Real Sociedad។

កីឡាករ វ័យ ៣៧ ឆ្នាំ បានរងរបួសជង្គង់ឆ្វេងកាលពីដើមខែកក្កដា ខណៈដែលកំពុងហ្វឹកហាត់នៅមុនរដូវកាលទី ៤ របស់ខ្លួនជាមួយក្លឹបនាក្របខណ្ឌ La Liga ។

យុគសម័យដ៏ល្អបំផុតរបស់ David Silva គឺពេលដែលរូបគេបានទទួលពានរង្វាន់នៅក្នុងក្របខណ្ឌ Premier League, La Liga និងក្រុមជម្រើសជាតិអេស្ប៉ាញ។ រូបគេបានឈ្នះពានរង្វាន់ធំៗ ដែលរួមមាន World Cup 2010 និងជើងឯកអឺរ៉ុបពីរដងជាមួយអេស្ប៉ាញ។ ពានរង្វាន់ដែលរូបគេបានឈ្នះជាមួយក្លិបនាទឹកដីអេស្ប៉ាញវិញ គឺពានរង្វាន់ Copa del Rey ដោយបានឈ្នះពីរដងជាមួយ Valencia ក្នុងឆ្នាំ ២០០៨ និងម្តងទៀតជាមួយ Real Sociedad ក្នុងឆ្នាំ ២០២០។

យ៉ាងណាក៏ដោយ ក្លឹបដែលជោគជ័យបំផុតរបស់ David Silva គឺការបានលេងជាមួយ Manchester City ជាកន្លែងដែលរូបគេបានឈ្នះពានរង្វាន់ Premier League ចំនួន៤ ដង FA Cup ២ដង និង League Cup ៥ដងក្នុងការស្នាក់នៅទឹកដី Etihad រយៈពេលមួយទសវត្សរ៍ពីឆ្នាំ ២០១០-២០។

កីឡាករដែលដុះដាលចេញពីថ្នាលយុវជន Valencia, David Silva ស៊ុតគ្រាប់បាល់១២៥គ្រាប់ និង ចែកបាល់សម្រេចទី២០០ដង ក្នុងការបង្ហាញខ្លួនរបស់ក្លិបជិត ៧៨៣ដង ពេញមួយអាជីព។ រូបគេក៏បានស៊ុតបញ្ចូលទី៣៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១២៥ លើកសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។

David Silva ត្រូវបានគេផ្តល់កិត្តិយសជាមួយនឹងរូបសំណាកនៅខាងក្រៅកីឡដ្ឋាន Etihad របស់ Manchester City ក្នុងការទទួលស្គាល់ការរួមចំណែករបស់គេចំពោះភាពជោគជ័យរបស់ក្លិប បន្ទាប់ពីការចាកចេញទៅទឹកដីអេស្ប៉ាញវិញនៅឆ្នាំ២០២០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង