×

Chelsea ឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែការពាររបស់ Monaco

ក្រុម Chelsea បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ Axel Disasi ពីក្រុម AS Monaco ក្នុងតម្លៃ ៤៥ លានអឺរ៉ូ។

កីឡាករសញ្ជាតិបារាំង វ័យ ២៥ ឆ្នាំ នឹងទទួលរ៉ាប់រងលើតំបន់ការពារកណ្ដាលរបស់ Chelsea បន្ទាប់ពីការអវត្តមានរបស់ Wesley Fofana ដែលកំពុងរបួស និងត្រូវសម្រាកព្យាបាលជាច្រើនខែដោយសារការវះកាត់សរសៃជង្គង់ ACL ។ បច្ចុប្បន្ន ខ្សែការពារ Benoit Badiashile ក៏មានរបួសផងដែរ។ Chelsea នៅមាន Thiago Silva, Trevoh Chalobah និង Levi Colwill ជាជម្រើសរបស់ពួកគេនៅតំបន់ការពារកណ្ដាល។

Disasi បានបង្ហាញខ្លួន ១១៨ ប្រកួតឱ្យ Monaco ចាប់តាំងពីចូលរួមជាមួយក្លិបនៅក្របខណ្ឌ Ligue 1 ក្នុងខែសីហា ឆ្នាំ២០២០។ រូបគេបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបារាំង ៤ដង ហើយបានលេងនៅក្នុងព្រឹត្តិការណ៍ World Cup កាលពីខែវិច្ឆិកាឆ្នាំមុន។

កីឡាកររូបនេះ នឹងក្លាយជាកីឡាករចំណូលថ្មីទី៣ របស់ Chelsea ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Nicolas Jackson និង Christopher Nkunku មកកាន់ទឹកដី Stamford Bridge ។

ទន្ទឹមនឹងនេះដែរ Brighton បានច្រានចោលការដេញថ្លៃរបស់ Chelsea សម្រាប់ខ្សែបម្រើសញ្ជាតិអេក្វាឌ័រ Moises Caicedo ។

កីឡាករជាច្រើនបានចាកចេញពី Chelsea ក្រោយបញ្ចប់រដូវកាល ២០២២-២៣ ក្នុងមានដូចជា Mateo Kovacic, Edouard Mendy, Kalidou Koulibaly, N’Golo Kante, Mason Mount, Kai Havertz, Christian Pulisic, Ruben Loftus-Cheek, Ethan Ampadu, Pierre Emerick-Aubameyang និងអតីតប្រធានក្រុម Cesar Azpiliceuta ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង