×

Man UTD យល់ព្រមចុះកុងត្រាយកខ្សែប្រយុទ្ធ Rasmus Hojlund ពី Atalanta

ក្លិប Manchester United បានយល់ព្រមក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Rasmus Hojlund ពីក្លិប Atalanta លើកិច្ចសន្យារយៈពេល៥ឆ្នាំបូករួមជម្រើសបន្លាយរយៈពេលបន្ថែមផងដែរ។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាននៅអង់គ្លេស។

កីឡាករសញ្ជាតិដាណឺម៉ាក វ័យ២០ ឆ្នាំ នឹងផ្លាស់ទៅកាន់ទឹកដី Old Trafford លើកិច្ចព្រមព្រៀមដែលមានតម្លៃ ៧២លានផោន ហើយរូបគេនឹងក្លាយជាកីឡាករ Man UTD ដែលមានតម្លៃផ្ទេរចូល ថ្លៃជាងគេលំដាប់ទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

Rasmus Hojlund ដែលពីមុនធ្លាប់ជាសមាជិកក្លិប FC Copenhagen នៅលីគកំពូលដាណឺម៉ាក និងក្លិប Sturm Graz នៅលីគកំពូលអូទ្រីស បានចូលរួមជាមួយក្លិប Atalanta នៅលីគកំពូលអ៊ីតាលី កាលពីដើមរដូវកាល ២០២២-២៣ ដោយបានរកគ្រាប់បាល់បញ្ចូលទីចំនួន ១០ គ្រាប់ ពីការប្រកួត ៣៤ដង គ្រប់កម្មវិធីប្រកួតទាំងអស់។

រូបគេក៏នឹងក្លាយជាកីឡាករទី៣ ដែលមកចូលរួមជាមួយ Man UTD នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Mason Mount ផ្ទេរមកពី Chelsea និងអ្នកចាំទី Andre Onana ផ្ទេរមកពី Inter Milan។

សូមបញ្ជាក់ថា Man UTD បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣កាលពីរដូវកាលមុន ដែលធ្វើឱ្យពួកគេ ធានាបានកៅអីក្នុងពានរង្វាន់ UEFA Champions League រដូវកាលថ្មីខាងមុខ។ ក្លិបបិសាចក្រហម ក៏បានឈ្នះពានរង្វាន់ League Cup កាលពីខែកុម្ភៈកន្លងទៅផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង