×

Liverpool ប្រកាសឈ្មោះប្រធានក្រុមថ្មី ក្រោយ Jordan Henderson ចាកចេញ

Liverpool បានធ្វើការប្រកាសតែងតាំង ខ្សែការពារ Virgil van Dijk ជាប្រធានក្រុមថ្មី ខណៈខ្សែការពារ Trent Alexander-Arnold ត្រូវបានតែងតាំង ជាអនុប្រធានក្រុម។

កីឡាករហូឡង់ បានទទួលតួនាទីជាប្រធានក្រុមហង្សក្រហម បន្ទាប់ពីខ្សែបម្រើ Jordan Henderson បានចាកចេញទៅចូលរួមក្រុម Al Ettifaq នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតកាលពីពេលកន្លងទៅ។

ចាប់តាំងពីឆ្នាំ ១៩៥៩ មក Liverpool មានកីឡាករ២០រូបផ្សេងគ្នា បានកាន់តំណែងជាប្រធានក្រុមដឹកនាំការប្រកួតជាអចិន្ត្រៃយ៍ ហើយ Van Dijk គឺជាកីឡាករទី២១ ដែលកាន់តំណែងនេះ។

ចំពោះ Trent Alexander-Arnold ដែលត្រូវបានតែងតាំងជាអនុប្រធានក្រុម ក្រោយពេលដែល ខ្សែបម្រើ James Milner បានចាកចេញទៅចូលរួម Brighton នៅក្នុងទីផ្សារដោះដូរកីឡាករក្រោយពីចប់រដូវកាលមុន។

Van Dijk នឹងពាក់ស្លាកប្រធានក្រុម សម្រាប់ក្រុមដឹកនាំដោយលោក Jurgen Klopp ក្នុងការប្រកួតនៅក្នុងទឹកដីរបស់ Chelsea ក្នុងសប្ដាហ៍ដំបូងនៅ Premier League នាថ្ងៃទី១៣ ខែសីហាខាងមុខ។

មុនឈានដល់ ការកាន់តំណែងប្រធានក្រុម Liverpool ជាអចិន្ត្រៃយ៍នេះដែរ Virgil van Dijk ធ្លាប់បានកាន់តំណែងជាប្រធានក្រុមបណ្តោះអាសន្ន ដឹកនាំការប្រកួតបានចំនួន៤៣ប្រកួតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង