×

ខ្សែបម្រើ Fabinho ចាកចេញពី Liverpool ទៅចូលរួម Al Ittihad

ខ្សែបម្រើ Fabinho បានបញ្ចប់ការផ្លាស់ប្តូរដោយជោគជ័យគឺការផ្លាស់ចេញពីក្លិប Liverpool ទៅចូលរួមជាមួយក្លិប Al-Ittihad នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត ដោយបានចុះកិច្ចសន្យារយៈពេល៣ឆ្នាំ។

សម្រាប់ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះមិនត្រូវបានបង្ហាញទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេសបានរាយការណ៍ថា ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Saudi Pro League បានចំណាយប្រាក់ចំនួន ៤០ លានផោន សម្រាប់កីឡាករប្រេស៊ីលរូបនេះ។

មុនឈានដល់ការផ្លាស់ប្តូរនេះ Fabinho ត្រូវបានដឹងថា មិនបានធ្វើដំណើរជាមួយ Liverpool ក្នុងការបោះជំរំហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់នោះទេ ហើយរូបគេក៏មិនត្រូវបានបញ្ចូលឈ្មោះសម្រាប់ការប្រកួតមិត្តភាពនៅប្រទេសសិង្ហបុរីផងដែរ។៉

កីឡាករវ័យ២៩ឆ្នាំ បានចាកចេញពីក្លិបបារាំង Monaco មកចូលរួមជាមួយក្លិប Liverpool កាលពីខែកក្កដា ឆ្នាំ២០១៨ ក្នុងតម្លៃប្រមាណ ៣៩លានផោន។ នៅទឹកដី Anfield នេះ Fabinho បានបង្ហាញខ្លួន ២១៩ដង ស៊ុតបាន១១គ្រាប់ និងបានរួមចំណែកឈ្នះពានរង្វាន់ធំៗដូចជា Premier League, UEFA Champions League, UEFA Super Cup និង FIFA Club World Cup ផងដែរ។

Fabinho គឺជាកីឡាករកម្រិតខ្ពស់បំផុតចុងក្រោយដែលក្លិប Al-Ittihad ចុះហត្ថលេខាផ្ទេរយក នៅទីផ្សារដោះដូរកីឡាកររដូវក្តៅ ដែលជាផ្នែកមួយនៃការនាំចូលកីឡាករយ៉ាងទូលំទូលាយទៅក្នុង ក្របខណ្ឌ Saudi Pro League ។ រូបគេនឹងចូលរួមជាមួយម្ចាស់ជើងឯក Ballon d’Or Karim Benzema និងអតីតខ្សែបម្រើ Chelsea N’Golo Kante នៅក្លិបដែលមានមូលដ្ឋាននៅទីក្រុង Jeddah នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង