×

Joao Cancelo យល់ព្រមលើលក្ខខណ្ឌផ្ទេរទៅកាន់ Barcelona

កីឡាករ Joao Cancelo ខ្សែការពារក្រុម Manchester City ត្រូវបានរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបអ្នកមានបុណ្យ Barcelona ខណៈក្រុមអេស្ប៉ាញនេះ កំពុងពិភាក្សាជាមួយក្រុម Manchester City សម្រាប់ការរៀបចំកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករអន្តរជាតិព័រទុយហ្គាល់។

Barcelona សង្ឃឹមថានឹងនាំយក Cancelo បានពីការលក់កីឡាករ Ousmane Dembele ដើម្បីដោះស្រាយបញ្ហាខ្សែការពារស្តាំរបស់ពួកគេ។ Cancelo ក៏អាចនឹងមកដល់កីឡដ្ឋាន Camp Nou ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។ ខ្សែការពាររូបនេះ បានចំណាយពេលពាក់កណ្ដាលរដូវកាល ក្នុងការខ្ចីជើងនៅក្លិប Bayern Munich ប៉ុន្តែបានត្រលប់ទៅចូលរួមជាមួយក្រុមរបស់លោក Pep Guardiola វិញ។

Cancelo បានធ្វើដំណើរជាមួយ Manchester City សម្រាប់ដំណើរទេសចរណ៍មុនរដូវកាលថ្មីរបស់ពួកគេ។ ទោះបីជាមានពាក្យចចាមអារ៉ាមពីការផ្ទេរចេញរបស់ Cancelo ក្ដី ក៏លោក Guardiola បានប្រាប់អ្នកសារព័ត៌មានថា៖ “គាត់នៅទីនេះ។ Joao មានសារសំខាន់ណាស់សម្រាប់ពួកយើងកាលពីអតីតកាល។ គាត់បានត្រលប់មកទីនេះ ហើយជាផ្នែកមួយនៃក្រុម។ ពួកយើងនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើង”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង