×

គ្រូ Liverpool ស្នើ FIFA ពិនិត្យការផ្ទេរកីឡាករទៅអារ៉ាប៊ីសាអ៊ូឌីត ដ្បិតបារម្ភប៉ះពាល់ក្លិបនៅអឺរ៉ុប

លោក Jurgen Klopp គ្រូបង្វឹក Liverpool បានស្នើទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោកFIFA អោយត្រួតពិនិត្យពេលវេលា លើទីផ្សារដោះដូរកីឡាករទៅកាន់លីគអារ៉ាប៊ីសាអ៊ូឌីតដែលនឹងបិទក្រោយតំបន់អឺរ៉ុបដល់ទៅ៣សប្តាហ៍ ដោយលោក បង្ហាញក្តីបារម្ភចំពោះក្លិបតំបន់អឺរ៉ុបមួយចំនួននឹងបាត់បង់កីឡាករកាន់តែច្រើន ដោយពិបាកស្វែងរកកីឡាករមកជំនួសទាន់ពេលវេលា។

ទីផ្សារដោះដូរកីឡាកររបស់ក្លិបនៅតំបន់អឺរ៉ុប នឹងត្រូវបិទនៅថ្ងៃទី១ ខែកញ្ញា ប៉ុន្តែក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអ៊ូឌីត នឹងអាចចុះកិច្ចសន្យាដល់ថ្ងៃទី២០ ខែកញ្ញា គឺបិទក្រោយអឺរ៉ុប៣សប្តាហ៍។ Liverpool ក៏ស្ថិតក្នុងចំណោមក្លិបដែលមានកីឡាករផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតច្រើនផងដែរនៅរដូវកាលថ្មីនេះ។ តួយ៉ាង Roberto Firmino, Jordan Henderson និង Fabinho សុទ្ធសឹងតែបានផ្លាស់ទៅក្លិបរៀងៗខ្លួននៅ Saudi Pro League។

ទាក់ទិននឹងរឿងនេះលោក Klopp បាននិយាយថា៖ “ឥទ្ធិពលក្លិបអារ៉ាប៊ីសាអ៊ូឌីតកំពុងតែកើតឡើងខ្លាំងនៅពេលនេះ។ ជារឿងមួយដ៏អាក្រក់បំផុត ខ្ញុំគិតថាទីផ្សារដោះដូរសម្រាប់អារ៉ាប៊ីសាអ៊ូឌីតមានរយៈពេលវែងដល់ទៅ ៣សប្តាហ៍បន្ថែមទៀត។ FIFA គួរតែស្វែងរកដំណោះស្រាយលើរឿងនេះ វាកំពុងតែមានឥទ្ធិពលខ្លាំងណាស់ តែយើងក៏នឹងរៀនប្រឈមមុខលើបញ្ហានេះផងដែរ។”

អារ៉ាប៊ីសាអ៊ូឌីត បានប្រើប្រាស់ថវិកាមូលនិធិហិរញ្ញវត្ថុសារធារណៈ ដើម្បីជួយក្លិបនៅប្រទេសខ្លួន ហើយជំនួយនេះបានជំរុញឱ្យក្លិបនៅក្របខណ្ឌ Saudi Pro league បង្កើតភាពទាក់ទាញកីឡាករឆ្នើមមួយចំនួនពីក្លិបស្ថិតក្នុងតំបន់អឺរ៉ុបជាមួយនឹងកិច្ចសន្យាដែលរកកម្រៃបានច្រើន។
ភាពទាក់ទាញនៃក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតបានកើតឡើងខ្លាំង តាំងពីការទៅដល់របស់ Cristiano Ronaldo។

Ronaldo ជាកីឡាករដែលទទួលបានថ្លៃពលកម្មថ្លៃបំផុតលើពិភពលោកក្រោយចូលរួមជាមួយនឹង Al-Nassr។ បន្តពីនោះកីឡាករល្បីឈ្មោះជាច្រើនទៀតដូចជា Karim Benzema និង N’Golo Kante ជាដើម ក៏បានចាកចេញពីក្លិបរៀងខ្លួនទៅលេងនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង