×

Man City ឈានដល់កិច្ចព្រមព្រៀងលើតម្លៃខ្លួនផ្ទេរខ្សែការពារ Josko Gvardiol ពី RB Leipzig

ក្លិប Manchester City បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរខ្សែការពារ Josko Gvardiol ពីក្លិប RB Leipzig ក្នុងតម្លៃប្រមាណ៧៧លានផោន។

តម្លៃនៃការផ្ទេរកីឡាករសញ្ជាតិក្រូអាត នេះមិនបានរួមបញ្ចូលថ្លៃចំណាយផ្សេងៗនោះឡើយ ដែលមានន័យថា Harry Maguire នៅតែជាកីឡាករខ្សែការពារមានថ្លៃខ្លួនផ្ទេរខ្ពស់បំផុតនៅអង់គ្លេស ពេល Manchester United នាំយករូបគេពី Leicester City តម្លៃ ៨០លានផោន។

Josko Gvardiol បានក្លាយជាកីឡាករយ៉ាងសំខាន់របស់ RB Leipzig ចាប់តាំងពីការមកដល់របស់គេពីក្លិប Dynamo Zagreb នៅក្នុងឆ្នាំ២០២១ ដោយបានបង្ហាញខ្លួន ៨៨ដង ស៊ុតបញ្ចូលទីបានចំនួន៥គ្រាប់ផងដែរ។

Gvardiol ក៏បានស៊ុតបញ្ចូលទី២គ្រាប់ពីការបង្ហាញខ្លួន២១ដង ឱ្យក្រុមជម្រើសជាតិក្រូអាត បានជួយប្រទេសរបស់ខ្លួនបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ FIFA World Cup 2022 និងទទួលបានតំណែងរងជើងឯក ក្នុងព្រឹត្តិការណ៍ UEFA Nations League ឆ្នាំនេះផងដែរ។

មានក្ដីរំពឹងថា កីឡាករក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត នឹងធ្វើដំណើរតាមយន្ដហោះមកកាន់ទឹកដីអង់គ្លេស ដើម្បីធ្វើតេស្ដសុខភាព នាសប្ដាហ៍នេះ។

គ្រូបង្វឹក Man City លោក Pep Guardiola ជឿថាការមកដល់របស់ Josko Gvardiol នឹងជួយបង្កើនភាពរឹងមាំរបស់ក្រុមនាតំបន់ខាងឆ្វេង រួមជាមួយ Ruben Dias, Manuel Akanji និង Nathan Ake។ យ៉ាងណា វត្តមានរបស់ Gvardiol នឹងធ្វើឱ្យអនាគតរបស់ Aymeric Laporte នៅទឹកដី Etihad ស្ថិតក្នុងភាពមិនច្បាស់លាស់នោះទេ។

កីឡាករវ័យ២១ឆ្នាំ នឹងក្លាយជាកីឡាករផ្ទេរចូលកម្រិតខ្ពស់លំដាប់ទី២ របស់ Man City នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Mateo Kovacic ផ្ទេរពីក្លិប Chelsea ក្នុងតម្លៃប្រមាណ ២៥លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង