×

Man UTD បានទទួលជោគជ័យក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Rasmus Hojlund ពីក្លិប Atalanta

ក្លិប Manchester United បានទទួលជោគជ័យក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Rasmus Hojlund ពីក្លិប Atalanta ក្នុងតម្លៃប្រមាណ ៦៤លានផោន តែក្នុងនោះ ក្លិបបិសាចក្រហមនឹងអាចត្រូវបូកបន្ថែមនូវប្រាក់តម្លៃផ្សេងៗនៅក្នុងកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។

កីឡាករវ័យ២០ឆ្នាំ បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ជាមួយ Man UTD អមដោយជម្រើសបន្ថែមច្រើនរដូវកាលបន្តទៀត ខណៈគ្រូបង្វឹក លោក Erik ten Hag ទទួលបានអ្វីដូចដែលលោកប្រាថ្នាចង់បានខ្សែប្រយុទ្ធសម្រាប់រដូវកាលថ្មី ២០២៣-២៤។

លោក Ten Hag បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើ Hojlund ក្នុងនាមជាកីឡាករគោលដៅធំបំផុត បន្ទាប់ Man United បានរាយការណ៍ថាបដិសេធក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ពី Tottenham Hotspur។

សម្រាប់ Hojlund ក៏ត្រូវបានគេរាយការណ៍ដែរថា ក្លិបនៅលីគកំពូលបារាំង Paris Saint Germain ក៏ចង់បានកីឡាករសញ្ជាតិដាណឺម៉ាក តែ Man United ជាអ្នកឈ្នះការប្រជែងនេះ។

សម្រាប់លោក Ten Hag បាននិយាយអំពី Hojlund ដូច្នេះថា៖ “ រូបគេគឺជាកីឡាករជួរមុខដ៏ពិតប្រាកដ ដោយផ្ទាល់ទៅកាន់គោលដៅ អ្នកប្រជែងដ៏ល្អក៏ដូចជារាងកាយរឹងមាំ។ គេអាចរកគ្រាប់បាល់បាន ខ្ញុំគិតថាគេគឺជាជម្រើសមួយដ៏ធំ ហើយពេលនេះគឺស្រេចលើគេមុន ក្នុងការស្វែងរកនូវភាពខ្លាំងរបស់គេ ហើយយើងនឹងគាំទ្រគេ។”

Rasmus Hojlund កាលពីរដូវកាលមុនរូបគេរកបាន ១០គ្រាប់ ពីការបង្ហាញខ្លួន ៣២លើករាល់គ្រប់ការប្រកួតសម្រាប់ក្លិបស្ថិតក្នុងលីគអ៊ីតាលី Atalanta ហើយបានជាប់ចិត្តទាក់ភ្នែកពីសំណាក់លោក Ten Hag តែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង