×

ការបន្ថែមម៉ោងច្រើនៗនឹងត្រូវបានអនុវត្តនៅក្របខណ្ឌ Premier League ក្នុងរដូវកាលថ្មីនេះ

មន្ត្រីអាជ្ញាកណ្ដាលនៃក្របខណ្ឌ Premier League និង EFL មានសិទ្ធិបន្ថែមម៉ោងក្នុងការប្រកួតមួយដើម្បីបង្គ្រប់ការខាតពេលក្នុងពេលកីឡាករមានរបួស ឬចេតនាក្នុងការពន្យារពេលណាមួយអំឡុងការប្រកួត ដូចដែលធ្លាប់បានអនុវត្តនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 សម្រាប់រដូវកាលថ្មី ២០២៣-២៤ ។

នេះគឺជាយុទ្ធនាការបង្រ្កាបលើការខ្ជះខ្ជាយពេលវេលា ក៏ដូចជាការរឹតបន្តឹងសម្រាប់ក្រុមការងារនៅកៅអីបម្រុង និងតំបន់បច្ចេកទេស ដែលជាគោលការណ៍ណែនាំថ្មីរបស់អាជ្ញាកណ្តាលដែលនឹងចូលជាធរមាន សម្រាប់ការចាប់ផ្តើមនៃរដូវកាលថ្មីក្នុងប្រទេសអង់គ្លេស។ ដូច្នេះនាទីបន្ថែមនៅចុងបញ្ចប់នៃការប្រកួត Premier League នឹងអាចមានរហូតដល់ ២ខ្ទង់ជាញឹកញាប់សម្រាប់រដូវកាលថ្មីនេះ។

មន្ត្រីនៃការប្រកួតមួយរូបបានប្រាប់សារព័ត៌មាន Sky Sports ថា វានឹងក្លាយជារឿងដ៏កម្រទៅវិញ ប្រសិនបើពេលវេលានៃការប្រកួតជាក់ស្ដែងនៅលីគកំពូលអង់គ្លេស មានរយៈពេលតិចជាង ១០០នាទី។ ការផ្លាស់ប្ដូរនេះ បានកើតឡើងបន្ទាប់ពីស្ថាប័នអាជ្ញាកណ្ដាល មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីរយៈពេលលេងកាន់តែតិច ក្នុងការប្រកួតបាល់ទាត់អាជីពនៅប្រទេសអង់គ្លេស ដោយនាទីលេងជាក់ស្ដែងជាមធ្យមកាលពីរដូវកាលមុន មានត្រឹមតែ ៤៨ នាទីក្នុង League Two, ៥០ នាទីក្នុង League One, ៥២ នាទីក្នុង Championship និង ៥៥នាទីនៅក្របខណ្ឌ Premier League ។

ការអបអរគ្រាប់បាល់ ក៏ត្រូវចាត់ចូលជាការខ្ជះខ្ជាយពេលវេលាផងដែរ។ អាជ្ញាកណ្តាលនឹងមានកាតព្វកិច្ចកំណត់ពេលវេលាជាក់លាក់នៃរយៈពេលសម្រាប់ការអបអរគ្រាប់បាល់ ការប្តូរកីឡាកររបួស ឬការត្រៀមលក្ខណៈសម្រាប់ការទាត់បាល់ហ្វ្រីឃីក។

ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា រវាងអង់គ្លេសទល់នឹងអ៊ីរ៉ង់ មានម៉ោងបន្ថែមរហូតដល់ ២៤ នាទី ដោយការប្រកួតមានរយៈពេលសរុប ១១៧ នាទី។ ការប្រកួតនេះ មានរបួសច្រើន ការស៊ុតបញ្ចូលទីគ្នា ៨ គ្រាប់ និងការប្ដូរកីឡាករចំនួន ១០នាក់ក្នុងរយៈពេល ៩០នាទី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង