×

គ្រូ Man City រិះគន់ការបន្ថែមម៉ោងយូរក្រោយចាញ់ Arsenal ក្នុងពានរង្វាន់ FA Community Shield

លោក Pep Guardiola បានធ្វើការរិះគន់ការបន្ថែមម៉ោងយូរពេក ក្រោយពីក្រុម Man City របស់លោកបានប្រកួតចាញ់ក្រុម Arsenal ក្នុងពានរង្វាន់ FA Community Shield។

ជាការពិត Arsenal បានបង្ហាញភាពខ្លាំងរបស់ខ្លួនដោយផ្តួល Man City ដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយបញ្ចប់ការប្រកួត៩០នាទីស្មើគ្នា ១-១ ដើម្បីឈ្នះពានរង្វាន់មុនពេលរដូវកាលថ្មី ២០២៣-២៤ នៃក្របខណ្ឌ Premier League ចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ។

ការប្រកួតនាទីលាន Wembley នោះគឺ Cole Palmer ស៊ុតឱ្យ Man City នៅនាំមុខមុននៅនាទី៧៧ មុនពេល Leandro Trossard ស៊ុតស្មើឱ្យ Arsenal នៅនាទី ៩០+១១។ បន្តពីនោះការប្រកួតក៏ឈានដល់ការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ហើយ Arsenal ក៏បានយកឈ្នះ Man City ក្នុងលទ្ធផល ៤-១។

ជុំវិញរឿងនេះដែរ លោក Pep Guardiola បានបង្ហាញពីភាពមិនសប្បាយ ចំពោះការថែមម៉ោងយូរៗ រហូត Man City របូតឱកាសយកពានរង្វាន់មុនបើករដូវកាល។ គ្រូបង្វឹកជនជាតិអេស្ប៉ាញបានថ្លែងដូច្នេះថា៖ “ចាប់ពីពេលនេះទៅការប្រកួតបាល់ទាត់នឹងកើនឡើងដល់១០០នាទី។ ខ្ញុំមិនសប្បាយចិត្តប៉ុន្មានទេ ព្រោះក្រុមប្រឹក្សាកីឡាមិនបានពិភាក្សាជាមួយកីឡាករ និង គ្រូបង្វឹកទេ តែបែរជាសម្រេចចិត្តឱ្យមានការថែមម៉ោងវែងៗនេះតែម្តង។”

តាមរយៈជ័យជម្នះនេះ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ហាក់កំពុងបង្ហាញសាច់ដុំរបស់ខ្លួន សម្រាប់ការប្រជែងតំណែងជើងឯកក្របខណ្ឌ Premier League នៅរដូវកាលថ្មីនេះ បន្ទាប់ពីខកចិត្តយ៉ាងខ្លាំងទីបំផុត កាលពីរដូវកាលមុន ដែលស្ទើរក្លាយជាម្ចាស់ជើងឯកទៅហើយ ប៉ុន្តែបែរជារបូតឱកាស នៅប៉ុន្មានប្រកួតចុងក្រោយទៅក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ទៅវិញ។

សម្រាប់ Man City វិញបានឈ្នះជើងឯក Premier League ចំនួន៣ឆ្នាំជាប់ៗគ្នាហើយ តែក៏បានរបូតពានរង្វាន់ FA Community Shield ៣ដងជាប់ៗគ្នាវិញផងដែរដោយបានចាញ់ Leicester City Liverpool និង Arsenal៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង