ការប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang កម្រិតក្នុងស្រុក ដែលមានឈ្មោះថា “WOWNOW & PRINCE MALL LEAGUE (WPML)” រដូវកាលទីពីរ ចាប់ផ្ដើមការប្រកួតវគ្គសន្សំពិន្ទុនៅសប្ដាហ៍នេះ ខណៈក្រុមការពារតំណែងជើងឯករដូវកាលទីមួយ Burn X Flash មានកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
ការប្រកួតនេះ ដំណើរការវគ្គចែកពូលរបស់ខ្លួន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដែលមានការប្រកួតវិលជុំសន្សំពិន្ទុសម្រាប់ពូល A, B និង C ពូលនីមួយៗមាន ៥ក្រុម។
ពូល A មាន CFU GAMING, SEE YOU SOON, UNHAPPYWITHU, BROTHER.ESPORTS, និង ETERNITY BRIGHT។ រីឯពូល B មានក្រុម D-ROAR LEGENDS, IMPUNITY KH, SEE YOU SOON TRAIL, WIS INTERNATIONAL, និង MAX ACADEMY។ ចំណែកពូល C វិញមានក្រុម PRO ESPORTS, TEAM SV, TEAM MAX, QUANTUM និងក្រុម ICE EYE ESPORTS ។
ក្រុមចំនួន៣ នឹងត្រូវឡើងទៅវគ្គ Playoff នៅថ្ងៃទី១៧ និង១៨ ខែសីហា ដែលជាកន្លែងដែលក្រុម Burn X Flash កំពុងរង់ចាំ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតកីឡាអេឡិចត្រូនិក លើវិញ្ញាសា Mobile Legends: Bang Bang ពានរង្វាន់ WPML រដូវកាលទីពីរ ឆ្នាំ២០២៣នេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC បានណែនាំដល់ក្រុមកីឡាករអេឡិចត្រូនិកទាំងអស់ ត្រូវតែរក្សាឱ្យបាននូវវិន័យ និងក្រមសីលធម៌ ខណៈរៀបចំគ្រប់កីឡាអេឡិចត្រូនិកនៅកម្ពុជា ក៏ត្រូវតែគោរពគោលការណ៍កីឡា និងយុត្តិធម៌ដូចគ្នា៕