លោក Julen Lopetegui អ្នកចាត់ការទូទៅរបស់ក្លិប Wolves បានចាកចេញពីក្លិបហើយ ដោយអតីតអ្នកចាត់ការ Bournemouth លោក Gary O’Neil នឹងមកជំនួសតំណែងរបស់គាត់។
ក្លិបបានឱ្យដឹងថា លោក Lopetegui អាយុ ៥៦ ឆ្នាំចង់ចាកចេញពីក្លិប ដោយភាគីក្លិប និងភាគីលោក Lopetegui មានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន និងបានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គាត់ ដើម្បីជាដំណោះស្រាយដ៏ល្អបំផុត។ Wolves បានប្រកាសពីការចាកចេញរបស់បុរសសញ្ជាតិអេស្ប៉ាញ ៣ ថ្ងៃមុនពេលរដូវកាល Premier League ចាប់ផ្តើម ដោយពួកគេត្រូវជួប Manchester United នៅថ្ងៃទី១៥ ខែសីហា។
បេក្ខជនជាច្រើនត្រូវបានចាត់ទុកថាជាអ្នកជំនួសលោក Lopetegui ប៉ុន្តែលោក O’Neil វ័យ ៤០ ឆ្នាំជាបេក្ខភាពឈានមុខគេ ហើយត្រូវបានប្រកាសថានឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Wolves ជាផ្លូវការ នៅសប្ដាហ៍នេះ។ លោក O’Neil បានជួយឱ្យ Bournamouth ឡើងមកកាន់ក្របខណ្ឌ Premier League កាលពីរដូវកាលមុន ដោយឈរនៅចំណាត់ថ្នាក់លេខ១៥ ប៉ុន្តែត្រូវបានបញ្ឈប់ពីតំណេងកាលពីខែមិថុនា។
គួររំឭកថា លោក Lopetegui បានចូលកាន់តំណែងនៅ Wolves កាលពីខែវិច្ឆិកា នៅពេលដែលពួកគេកំពុងស្ថិតនៅបាតតារាង ដោយអ្នកចាត់ការរូបនេះបានជួយឱ្យពួកគេឡើងមកលេខ១៣។
មិនមានការបញ្ជាក់ពីប្រភពនៃបញ្ហារវាងភាគីទាំងពីរនោះទេ ប៉ុន្តែម្ចាស់ក្លិបដែលជាជនជាតិចិន Fosun មិនមានបំណងលើការចំណាយទិញកីឡាករនោះទេ ដោយសារចំណូលរបស់ក្លិបមានការខាតបង់។ ការចំណាយលើកីឡាករថ្មី អាចធ្វើឱ្យក្លិបបំពានច្បាប់ Financial Fair Play ។
ទោះជាយ៉ាងណា ដើមរដូវកាលនេះ ពួកគេបានលក់ Ruben Neves ទៅកាន់ក្លិប Al-Hilal ក្នុងតម្លៃ ៤៧លានផោន និង Raul Jimenez ទៅឱ្យក្លិប Fulham ក្នុងតម្លៃ ៥លានផោន។ កាលពីខែមុន ខ្សែការពារ Matt Doherty បានចូលរួមជាមួយ Wolves ដោយពុំមានតម្លៃផ្ទេរ៕