Tottenham Hotspur បានយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ខ្សែការពារហូឡង់ Micky van de Ven និងខ្សែប្រយុទ្ធអាហ្សង់ទីន Alejo Veliz ដើម្បីពង្រឹងក្រុមសម្រាប់រដូវកាលថ្មី។
Spurs បានចុះហត្ថលេខាជាមួយកីឡាករ Van de Ven ដែលមានអាយុ ២២ឆ្នាំពីក្រុម Wolfsburg ក្នុងតម្លៃ ៣៤ លានផោនបូកទាំងប្រាក់បន្ថែមផ្សេងៗអាចកើនឡើងដល់ ៤៣ លានផោន។ ចំណែក Veliz អាយុ ១៩ ឆ្នាំបានចូលរួមជាមួយក្លិបនៅទីក្រុងឡុងដ៍ពីក្រុម Rosario Central ក្នុងតម្លៃ ១៣ លានផោន។ កីឡាករទាំងពីរបានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំនៅ Spurs ។
នេះគឺជាការចុះហត្ថលេខាកីឡាករចំណូលថ្មីទី៤ និងទី៥ របស់ក្រុមមាន់ខ្នាយមាសក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើអង់គ្លេស James Maddison អ្នកចាំទីអ៊ីតាលី Guglielmo Vicario និងខ្សែបម្រើស្លាបអ៊ីស្រាអែល Manor Solomon ។
Van de Ven ជាប្រធានក្រុមជម្រើសជាតិហូឡង់អាយុក្រោម ២១ឆ្នាំ ដែលបានលេង ៣៣ ប្រកួតនៅក្របខណ្ឌ Bundesliga កាលពីរដូវកាលមុន ដោយបានចូលរួមជាមួយ Wolfsburg ពីក្រុមហូឡង់ Volendam ក្នុងតម្លៃ ៣ លានផោនក្នុងឆ្នាំ ២០២១ ។
រីឯ Veliz បានចូលរួមជាមួយ Rosario Central ក្នុងឆ្នាំ២០១៩ ហើយបានបង្ហាញខ្លួនជាលើកដំបូង ក្នុងខែកក្កដា ឆ្នាំ២០២១។ រូបគេបានបង្ហាញខ្លួនសរុបចំនួន ៦២ ប្រកួត សម្រាប់ក្រុមនៅក្របខណ្ឌ Argentine Primera Division និងស៊ុតបញ្ចូលទីបាន ១៩ គ្រាប់។
Veliz ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាហ្សង់ទីនអាយុក្រោម២០ឆ្នាំ និងរកបាន ៣គ្រាប់ ក្នុងការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ ឆ្នាំ និងជើងឯកអាមេរិកខាងត្បូងអាយុក្រោម ២០ ឆ្នាំ ឆ្នាំ២០២៣ ក្នុងការបង្ហាញខ្លួនចំនួន ៩ដង។
Spurs នឹងធ្វើដំណើរទៅជួប Brentford សម្រាប់ការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាល ២០២៣-២៤៕