×

Nkunkuខ្សែប្រយុទ្ធថ្មីរបស់ Chelsea ត្រូវសម្រាកក្រោយវះកាត់ជង្គង់

កីឡាករ Christopher Nkunku ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea នឹងអវត្តមាននៅក្នុងការចាប់ផ្ដើមរដូវកាលថ្មី ២០២៣-២៤ នៃក្របខណ្ឌ Premier League បន្ទាប់ពីរូបគេបានទទួលការវះកាត់លើជង្គង់។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២៥ឆ្នាំរូបនេះ បានរងបញ្ហាអំឡុងពេលប្រកួតមិត្តភាពមុនបើករដូវកាលរបស់ Chelsea ទល់នឹង Borussia Dortmund ក្នុងទីក្រុង Chicago កាលពីសប្តាហ៍មុន។

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ មិនទាន់ច្បាស់ចំពោះស្ថានភាពរបស់ខ្សែប្រយុទ្ធរូបនេះឡើយ ប៉ុន្តែលោកសង្ឃឹមថា របួសនឹងមិនមែនជាបញ្ហាធំនោះទេ សម្រាប់ខ្សែប្រយុទ្ធតម្លៃ ៥២លានផោនរបស់គាត់។

Chelsea មិនបានចេញសេចក្ដីថ្លែងការណ៍ជុំវិញរយៈពេលនៃការសម្រាកព្យាបាលរបស់ខ្សែប្រយុទ្ធរបស់ខ្លួនផងដែរ។ ទោះបីជាយ៉ាងណា របាយការណ៍មួយចំនួនបានលើកឡើងថា អតីតខ្សែប្រយុទ្ធ Paris St-Germain និង RB Leipzig អាចនឹងអវត្តមានរហូតដល់ខែធ្នូ ឆ្នាំ២០២៣។

Nkunku បានបង្ហាញការចាប់អារម្មណ៍ក្នុងអំឡុងពេលដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Chelsea នៅសហរដ្ឋអាមេរិក ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុង ៥ ប្រកួត។ មុននេះ រូបគេបានស៊ុតបញ្ចូលទីបាន ៥៨ គ្រាប់ក្នុងរយៈពេលពីររដូវកាលចុងក្រោយសម្រាប់ក្លិប Leipzig មុនពេលបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងខែមិថុនា។

អវត្តមានរបស់ Nkunku គឺជាបញ្ហាមួយចំពោះ Chelsea ខណៈលោក Pochettino កំពុងដោះស្រាយការខ្សត់គ្រាប់បាល់កាលពីរដូវកាលមុន ដែលពួកគេស៊ុតបញ្ចូលទីបានត្រឹមតែ ៣៨ គ្រាប់ប៉ុណ្ណោះនៅក្នុងក្របខណ្ឌ Premier League ដោយបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ១២ក្នុងតារាង។

Chelsea នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងការប្រកួតបើកឆាកនៃក្របខណ្ឌ Premier League នារាត្រីថ្ងៃអាទិត្យ ទី១៣ ខែសីហា វេលាម៉ោង ១០:៣០នាទីយប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង