×

ក្រុមជម្រើសជាតិMLBBកម្ពុជា Burn X Flash ដកខ្លួនពីការប្រកួតនៅព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោកIESF

ក្រុមជម្រើសជាតិ Mobile Legends: Bang Bang កម្ពុជា ដែលតំណាងដោយសមាជិកនៃក្រុម Burn X Flash បានស្នើសុំបោះបង់កាតព្វកិច្ចចូលរួមប្រកួតក្នុងកម្មវិធី IESF 15th World Esports Championships IASI ២០២៣ នៅប្រទេសរ៉ូម៉ានី ដោយសារ “សមាជិកក្រុមមានបញ្ហាសុខភាព”។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC ដែលចេញផ្សាយនៅថ្ងៃទី៩ ខែសីហានេះ បេក្ខភាពរបស់កម្ពុជាដែលត្រូវតំណាងឱ្យទ្វីបអាស៊ីលើវិញ្ញាសា Mobile Legends: Bang Bang នៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ នឹងត្រូវបោះបង់ចោលដោយសហព័ន្ធមិនបញ្ជូនកីឡាករជម្រើសជាតិទៅចូលរួមលើវិញ្ញាសាមួយនេះទេ។

ដើមឡើយ កម្ពុជាគ្រោងបញ្ជូនក្រុមជម្រើសជាតិ MLBB ដែលមានសមាជិកនៃក្រុម Burn X Flash ទៅចូលរួមកម្មវិធី IESF 15th World Esports Championships IASI 2023 ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង IASI ប្រទេសរ៉ូម៉ានី។

ក្រុមជម្រើសជាតិ MLBB កម្ពុជា បានកក់កៅអីនៅក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះនៅក្នុងការប្រកួតវគ្គជម្រុះនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីខែកក្កដា។

យ៉ាងណាមិញ កម្ពុជាបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងវគ្គជម្រុះដែលរៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ IESF ហើយអំឡុងការប្រកួតជាមួយក្រុមម៉ុងហ្គោលីនៅវគ្គ Lower Bracket Final នោះ បានជួបបញ្ហាបច្ចេកទេសដែលធ្វើឱ្យមានការប្រកួតមួយហ្គេមឡើងវិញ៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង