×

Tottenham Hotspur ច្រានចោលសំណើចុងក្រោយពី Bayern Munich សម្រាប់ខ្សែប្រយុទ្ធ Harry Kane

ក្លិប Tottenham Hotspur បានច្រានចោលការដេញថ្លៃចុងក្រោយរបស់ក្លិប Bayern Munich សម្រាប់ខ្សែប្រយុទ្ធ Harry Kane ដោយការបដិសេធនេះ ទុកអោយក្លិបយក្សអាល្លឺម៉ង់ សម្រេចចិត្តថា តើត្រូវបន្តការដេញថ្លៃម្តងទៀត ឬស្វែងរកគោលដៅខ្សែប្រយុទ្ធថ្មី។

សំណើលើកទី៣ របស់ Bayern Munich សម្រាប់ Harry Kane មានតម្លៃ ៨៦លានផោន តែវានៅតែមិនគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ចូលលោក Daniel Levy ដែលជាប្រធានក្លិប Spurs សម្រាប់ Kane ដែលមានកិច្ចសន្យានឹងផុតកំណត់នៅរដូវក្តៅក្រោយ។

លោក Thomas Tuchel គ្រូបង្វឹក Bayern Munich ចង់ចុះហត្ថលេខាលើកីឡាករអង់គ្លេសរូបនេះ ដើម្បីជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Robert Lewandowski ដែលបានចូលរួមជាមួយ Barcelona កាលពីរដូវក្តៅមុន។ Bayern Munich បានចង្អុលបង្ហាញថា សំណើលើកទី៣ សម្រាប់ Kane គឺជាសំណើចុងក្រោយរបស់ខ្លួន ប៉ុន្តែពួកគេនឹងធ្វើការពិភាក្សាផ្ទៃក្នុងថា តើត្រូវព្យាយាមដេញថ្លៃម្តងទៀត ឬយ៉ាងណា។

សម្រាប់ Tottenham Hotspur នៅតែសង្ឃឹមថា Kane នឹងបន្តស្នាក់អង់គ្លេស ហើយនឹងផ្តល់ឱ្យកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រក្លិបរូបនេះ នូវកិច្ចព្រមព្រៀងដែលទទួលបានថ្លៃនឿយហត់ខ្ពស់ប្រចាំលីគកំពូលអង់គ្លេស។

ប៉ុន្តែទោះយ៉ាងណា មិនទាន់មានការបង្ហាញណាមួយដែលថា កីឡាករវ័យ៣០ឆ្នាំរូបនេះ ចង់បន្តកុងត្រាថ្មីនៅឡើយនោះទេ ហើយ Spurs ប្រឈមនឹងហានិភ័យនៃការរបូតកីឡាកររូបនេះ នៅក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅក្រោយ។

ការមិនចង់បន្តកុងត្រាថ្មីរបស់ Harry Kane ជាមួយ Spurs គឺដោយសារតែកីឡាកររូបនេះ ចង់លេងនៅក្នុងក្រុមកំពូល ដែលមានកៅអីក្របខណ្ឌ UEFA Champions League រដូវកាលថ្មីនេះ ហើយក៏ដូចជាស្វែងការប្រកួតប្រជែង ដើម្បីមានឱកាសឈ្នះពានរង្វាន់ជាច្រើន។

គួរបញ្ជាក់ថា ការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ២០២៣-២៤ នឹងចាប់ផ្តើមនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង