ទីភ្នាក់ងារផ្ទាល់របស់ខ្សែប្រយុទ្ធ Mohamed Salah លោក Ramy Abbas Issa បានច្រានចោលពាក្យចចាមអារ៉ាមដែលថា កីឡាករអេស្ស៊ីប នឹងផ្លាស់ចេញពី Liverpool ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ភ្នាក់ងាររូបនេះ អះអាងថាកីឡាករវ័យ ៣១ឆ្នាំ នៅតែបន្តស្នាក់នៅជាមួយនឹងក្លិបរហស្សនាមហង្សក្រហម។
បើតាមរយៈការចុះផ្សាយរបស់កាសែតមួយចំនួននៅអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា មានការជជែងរវាងកីឡាករសញ្ជាតិអេហ្ស៊ីប និងក្លិប Al-Ittihad ជុំវិញការផ្ទេរដែលមានតម្លៃប្រមាណ ១៥៥លានផោន លើកិច្ចសន្យារយៈពេល ២ឆ្នាំ។
កាលពីពេលថ្មីៗនេះអតីតមិត្តរួមក្រុមរបស់ Salah កីឡាករសញ្ជាតិប្រេស៊ីល Fabinho បានសម្រេចចិត្តផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយចូលរួមជាមួយនឹងក្រុម Al-Ittihad នេះដែរ ក្នុងតម្លៃនៃការផ្ទេរ ៤០លានផោន។
ក្រោយមានការលេចឮព័ត៌មានខាងលើនេះ លោក Ramy Abbas បានបង្ហោះនៅលើបណ្តាញសង្គមដោយបដិសេធថា Salah គ្មានគម្រោងចាកចេញពី Liverpool នៅពេលនេះឡើយ។
លោក Abbas បានបញ្ជាក់ថា៖ “ប្រសិនយើងជ្រើសរើសចាកចេញពី Liverpool នៅឆ្នាំនេះ យើងនឹងមិនបន្តកិច្ចសន្យានៅរដូវកាលមុនមកឡើយ។ Salah នៅតែបន្តស្នាក់នៅជាមួយក្រុមនៅ Premier League ដដែល។ គេបានបន្តកិច្ចសន្យាដល់បញ្ចប់រដូវកាល ២០២៤-២៥។”
Salah បង្ហាញខ្លួនលេងបាន ២៣១ប្រកួត រកបានគ្រាប់បាល់ចំនួន ១៣៩គ្រាប់សម្រាប់ Liverpool។ ទោះយ៉ាងណាទីភ្នាក់ងាររបស់ Salah បានចេញមុខអះអាងដោយបាននិយាយថាអតីតខ្សែប្រយុទ្ធក្រុម Chelsea និង Roma គ្មានបំណងចាកចេញពីទឹកដី Anfield ឡើយទោះក្នុងលក្ខខណ្ឌអ្វីក៏ដោយ៕