×

Premier League កំពុងស៊ើបអង្កេត Chelsea ជុំវិញករណីបំពានច្បាប់ហិរញ្ញវត្ថុ FFP

Premier League កំពុងស៊ើបអង្កេតការបំពានច្បាប់ហិរញ្ញវត្ថុដែលអាចបង្កឡើងដោយក្រុម Chelsea អំឡុងពេល ៧ឆ្នាំ នៅពេលដែលលោក Roman Abramovich ជាម្ចាស់ក្លិប។ នេះបើយោងតាម BBC ។

ក្រុមតោខៀវ ត្រូវបានពិន័យជាប្រាក់ ៨,៦ លានផោនដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA កាលពីខែកក្កដា សម្រាប់ការបំពានច្បាប់ Financial Fair Play រវាងឆ្នាំ២០១២ និង ២០១៩ ។

លោក Richard Masters នាយកប្រតិបត្តិនៃ Premier League បាននិយាយថា៖ “យើងបានបើកចំហចំពោះបញ្ហាកន្លងមកទាក់ទងនឹង Chelsea ពីព្រោះពួកគេបានរាយការណ៍ដោយខ្លួនឯងទៅក្របខណ្ឌ Premier League និងសមាគមបាល់ទាត់ ដូច្នេះវាច្បាស់ណាស់ថាយើងកំពុងពិនិត្យមើលរឿងនេះ”។

លោក Abramovich ដែលជាជនជាតិរុស្ស៊ី បានលក់ Chelsea ទៅឱ្យក្រុមហ៊ុនដែលដឹកនាំដោយវិនិយោគិនអាមេរិក Todd Boehly និងក្រុមហ៊ុនមូលធនឯកជន Clearlake Capital ។

Chelsea បាននិយាយថា ពួកគេបានសហការ និងជួយ Uefa ក្នុងការស៊ើបអង្កេតរបស់ពួកគេ ហើយបានចូលទៅដោះស្រាយជាមួយពួកគេ។ ទោះជាយ៉ាងណា ក្លិបនេះអាចត្រូវបានពិន័យ និងកាត់ពិន្ទុ ប្រសិនបើពួកគេត្រូវបានរកឃើញថាមានពិរុទ្ធពីបទបំពានច្បាប់ហិរញ្ញវត្ថុ FFP។

Manchester City ដែលជាម្ចាស់ជើងឯក Premier League ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ហិរញ្ញវត្ថុច្រើនជាង ១០០ករណី ក្នុងខែកុម្ភៈ។ ប៉ុន្តែក្លិបបានបដិសេធ។

កាលពីខែឧសភា ករណីរបស់ Everton ត្រូវបានបញ្ជូនទៅគណៈកម្មការឯករាជ្យមួយដោយ Premier League ជុំវិញការចោទប្រកាន់ថាបានបំពានច្បាប់ហិរញ្ញវត្ថុ FFP។ ប៉ុន្តែពួកគេក៏បានបដិសេធផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង