×

Matt Turner អ្នកចាំទីរបស់ Arsenal ផ្ទេរទៅ Nottingham Forest

Nottingham Forest បានបញ្ចប់ការចុះហត្ថលេខាជាមួយអ្នកចាំទីសញ្ជាតិអាមេរិក Matt Turner ពី Arsenal ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។

Turner បានចូលរួមជាមួយ Arsenal ពីក្លិប New England Revolution នៅគ្នុងទីផ្សារដោះដូរកីឡាករ ឆ្នាំ២០២២ និងបានលេងជាអ្នកចាំទីដៃទីពីរ បន្ទាប់ពីអ្នកចាំទីដៃទីមួយ Aaron Ramsdale ។

Turner វ័យ ២៩ឆ្នាំ បានបង្ហាញខ្លួនចំនួន ៧ ដងសម្រាប់ក្រុមកាំភ្លើងធំកាលពីរដូវកាលមុន។ រូបគេជាដៃទីមួយរបស់ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក និងបានលេងនៅក្នុងព្រឹត្តិការណ៍ Gold Cup នាពេលថ្មីៗនេះ ដោយបានជួយឱ្យពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Arsenal បានឈានដល់ការផ្ទេរអ្នកចាំទី David Raya របស់ Brentford ដែលធ្វើឱ្យ Turner កាន់តែគ្មានឱកាសសម្រាប់ការបង្ហាញខ្លួនឱ្យក្លិបនៅទីក្រុងឡុងដ៍មួយនេះ។ រូបគេត្រូវបានឃើញនៅកៅអីបម្រុងផងដែរ នៅពេល Arsenal យកឈ្នះ Manchester City ក្នុងការប្រកួតពានរង្វាន់ Community Shield នៅកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ។

Turner គឺជាកីឡាករថ្មីទី៤ របស់ Forest នៅក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពី Chris Wood, Ola Aina និង Anthony Elanga បានចូលរួមជាមួយពួកគេជាអចិន្ត្រៃយ៍។ Forest បើកឆាកក្របខណ្ឌ Premier League រដូវកាល ២០២៣-២៤ ដោយធ្វើដំណើរទៅជួប Arsenal នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ៦:៣០នាទីល្ងាចតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង