
លោក Fabrizio Romano អ្នកជំនាញដោះដូរកីឡាករជនជាតិអ៊ីតាលី បានអះអាងថា ក្រុម Manchester United ចាប់អារម្មណ៍លើខ្សែការពារ Benjamin Pavard របស់ក្រុម Bayern Munich ខណៈ Harry Maguire ជិតចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីចូលរួមជាមួយក្រុម West Ham United ។
យោងតាម Tweet ពីអ្នកកាសែតអ៊ីតាលីរូបនេះ បានឱ្យដឹងថា Man Utd បានកំណត់ត្រាគោលដៅលើ Pavard ជាគោលដៅចម្បង, កីឡាករ Jean-Clair Todiboរបស់ក្រុម OGC Nice និងកីឡាករ Edmond Tapsoba របស់ក្រុម Bayer Leverkusen ។
Todibo ក៏ស្ថិតនៅក្នុងបញ្ជីដែរ ប៉ុន្តែ Pavard គឺជាគោលដៅដែលផ្តល់នូវភាពទាក់ទាញដោយសារតែហេតុផលជាច្រើន។ Pavard វ័យ ២៧ឆ្នាំអាចលេងក្នុងតួនាទីខ្សែការពារស្លាបស្ដាំ និងខ្សែការពារកណ្ដាល ដែលធ្វើឱ្យរូបគេជាគោលដៅសំខាន់របស់អ្នកចាត់ការ Erik ten Hag ។
កីឡាករសញ្ជាតិបារាំងរូបនេះ មិនស្ថិតក្នុងគម្រោងរបស់លោក Thomas Tuchel ឡើយនៅក្នុងក្រុម Bayern Munich ។
គួររំឭកថា West Ham បានយល់ព្រមលើតម្លៃរបស់ Harry Maguire ក្នុងទឹកប្រាក់ចំនួន ៣០លានផោន ដែលជាតម្លៃលក់ខាតបង់ ៥០លានផោនសម្រាប់ Man Utd ។ អតីតខ្សែការពាររបស់ Leicester City រូបនេះបានមកដល់កីឡដ្ឋាន Old Trafford កាលពីខែសីហា ឆ្នាំ២០១៩ ក្នុងតម្លៃ ៨០លានផោនដែលជាតម្លៃកំណត់ត្រាសម្រាប់ខ្សែការពារ៕
