ខ្សែការពារ Virgil van Dijk ប្រធានក្រុមថ្មីរបស់ Liverpool បានទទួចមិត្តរួមក្រុមបន្តដំណើរទៅមុខ បើទោះជាមានកីឡាករសំខាន់ៗបានចាកចេញរួចហើយក្តី។ ក្នុងយុទ្ធនាការរដូវកាលថ្មី ២០២៣-២៤ Liverpool មានកីឡាករជើងចាស់ប្រមាណ ៦នាក់បានចាកចេញ។
កីឡាករហូឡង់ វ័យ៣២ឆ្នាំ បានកាន់តួនាទីជាប្រធានក្រុម Liverpool ជំនួសកីឡាករ Jordan Henderson ដែលបានចាកចេញ ក្រោយរួមរស់រយៈពេល ១២ឆ្នាំ។ Henderson ផ្លាស់ទៅក្លិប Al-Ettifaq ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីខែកក្កដាកន្លងទៅ។
Van Dijk បាននិយាយបែបនេះថា៖ “ខ្ញុំអាចយល់បានអំពីបញ្ហាដែលអ្នកគាំទ្រគិតពេលនេះ តែខ្ញុំក៏មិនមែនជាមនុស្សដែលតែងតែគិតអវិជ្ជមានដែរ។ ពិតណាស់ នៅពេលដែលមានកីឡាករច្រើនបានចាកចេញ រួមមានប្រធានក្រុម អនុប្រធានក្រុមចាកចេញ ស្របពេលនេះមានតែកីឡាករថ្មី២នាក់ចូលមកនោះ យើងមានតែបន្តលេង តាមរបៀបរបស់យើង។”
Liverpool បាត់បង់កីឡាករល្អៗចំនួន ៦រូប ដោយរួមមាន Jordan Henderson និង Fabinho បានផ្លាស់ទៅកាន់ក្របខណ្ឌ Saudi Pro League ខណៈដែល Roberto Firmino, Alex Oxlade-Chamberlain James Milner និង Naby Keita បានផ្លាស់ចាកចេញដោយគ្មានតម្លៃខ្លួន។
មុនបើករដូវកាលថ្មីត្រឹមតែរយៈពេល ៣ថ្ងៃ ចំនួននៃកីឡាករដែលក្លិប Liverpool បាននាំចូលមិនស្មើគ្នាទៅនឹងកីឡាករដែលបានចាកចេញឡើយ។ Liverpool មានកីឡាករចំណូលថ្មីត្រឹម ២រូបប៉ុណ្ណោះខ្សែប្រយុទ្ធ Dominik Szoboszlai និងខ្សែបម្រើ Alexis Mac Allister ក្រោយបញ្ចប់រដូវកាលចាស់រួចមក។
កាលពីរដូវកាលមុន Liverpool មិនមានឈ្នះពានរង្វាន់អ្វីឡើយ ខណៈពួកគេបានធ្លាក់ទៅកាន់ក្របខណ្ឌ Europa League ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ ៥ នៅ Premier League លើកដំបូងចាប់តាំងពីលោក Jurgen Klopp ចូលមកដឹកនាំក្រុមក្នុងរដូវកាល ២០១៦-១៧ មក។
Liverpool នឹងចាប់ផ្តើមការប្រកួតរដូវកាលថ្មីដោយត្រូវធ្វើដំណើរទៅប្រកួតទល់ Chelsea នៅថ្ងៃទី១២ ខែសីហា៕