Manchester United បានទទួលយកការដេញថ្លៃ ១៥ លានអឺរ៉ូ ពីក្លិបតួកគី Fenerbahce សម្រាប់ខ្សែបម្រើ Fred ។
កីឡាករអន្តរជាតិប្រេស៊ីលអាយុ ៣០ ឆ្នាំ ទំនងជាមិនមានឱកាសប្រជែងយកកន្លែងលេងជាមួយកីឡាករថ្មីនៅក្នុងក្រុមរបស់អ្នកចាត់ការ Erik ten Hag នៅរដូវកាលនេះបានឡើយ។ ចំណែកក្លិប Galatasaray នៅតួកគី និងក្លិប Fulham បានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។
កិច្ចសន្យារបស់ Fred នៅកីឡដ្ឋាន Old Trafford នឹងផុតសុពលភាពនៅឆ្នាំក្រោយ។ អតីតខ្សែបម្រើរបស់ក្លិប Shakhtar Donetsk នៅប្រទេសអ៊ុយក្រែន បានចូលរួមជាមួយក្រុមបិសាចក្រហម ក្នុងតម្លៃ ៤៧ លានផោន កាលពីឆ្នាំ២០១៨។
Fred បានបង្ហាញខ្លួន ៥៦ លើកសម្រាប់ United កាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៦ គ្រាប់ នៅពេលដែលក្រុមរបស់ Ten Hag បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងក្របខណ្ឌ Premier League ។ គេបានលេងឱ្យក្លិបនៅទីក្រុង Manchester ចំនួន ១៣៩ ដងនៅក្របខណ្ឌកំពូល ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និង Assist ៧ ដង៕