ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នឹងទៅពិនិត្យសុខភាពនៅក្លិប Bayern Munich បន្ទាប់ពីក្លិប Tottenham Hotspur បានអនុញ្ញាតឱ្យរូបគេធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។
Bayern និង Spurs បានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃជាង ១០០ លានអឺរ៉ូ សម្រាប់កីឡាករវ័យ ៣០ ឆ្នាំ។
ការសម្រេចចិត្តផ្លាស់ចេញរបស់ Kane បានបន្សល់នូវកំណត់ត្រារបស់ខ្លួននៅ Spurs ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេឱ្យក្លិបមួយនេះ ដោយមាន ២៨០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣៥ លើក។ Kane នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Spurs ។
Kane បានឈ្នះស្បែកជើងមាស Premier League ចំនួន៣ដង ក្នុងរដូវកាល ២០១៥-១៦, ២០១៦-១៧ និង ២០២០-២១ ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងឱ្យក្លិបក្នុងឆ្នាំ២០១២។
ក្នុងចំណោមគ្រាប់បាល់ទាំងនោះ Kane រកបាន២១៣គ្រាប់នៅក្របខណ្ឌ Premier League ក្នុង ៣២០ ប្រកួត។ Kane ត្រូវការតែ ៤៨ គ្រាប់ទៀតដើម្បីបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Alan Shearer ។
ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដែលមានគ្រាប់បាល់អន្តរជាតិចំនួន ៥៨គ្រាប់ Kane មិនដែលឈ្នះពានធំជាមួយក្លិប ឬប្រទេសនោះទេ៕