ការប្រកួតចុងសប្តាហ៍នៃក្របខណ្ឌ Premier League គឺជាការប្រកួតដ៏ជក់ចិត្តរវាង Chelsea ទទួលក្រុមភ្ញៀវ Liverpool នៅកីឡដ្ឋាន Stamford Bridge ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:២៥ នាទីយប់នេះតទៅ។
អ្នកចាត់ការ Mauricio Pochettino របស់ Chelsea បានឈានជើងចូលកីឡដ្ឋាន Stamford Bridge ជាលើកដំបូងសម្រាប់ការប្រកួតផ្លូវការ ដើម្បីនាំក្រុមតោខៀវត្រឡប់ទៅកាន់ចំណាត់ថ្នាក់កំពូលទាំង៤សាជាថ្មី បន្ទាប់ពីការធ្វើមិនបានល្អកាលពីរដូវកាលមុន ក្នុងការដឹកនាំរបស់គ្រូបង្វឹក២រូបផ្សេងគ្នា។
មិនខុសគ្នានោះទេ លោក Jurgen Klopp បានពង្រឹងក្រុមសាជាថ្មីជាមួយនឹងការនាំយកកីឡាករ Alexis Mac Allister និង Dominik Szoboszlai ដើម្បីនាំ Liverpool ត្រឡប់ទៅកាន់ចំណាត់ថ្នាក់កំពូលទាំង៤ ក៏ដូចជាការប្រកួតប្រជែងនៅពានរង្វាន់ក្របខណ្ឌអឺរ៉ុបនៅរដូវកាលថ្មីនេះ។
សម្រាប់ Chelsea នឹងគ្មានខ្សែប្រយុទ្ធថ្មី Christopher Nkunku និងខ្សែការពារ Wesley Fofana ដោយសារតែរបួសជង្គង់ អំឡុងដំណើរទេសចរណ៍របស់ពួកគេ។ Benoit Badiashile បានត្រលប់មកហ្វឹកហាត់វិញ ហើយរបួសសរសៃពួរទំនងជានឹងធ្វើឱ្យ Noni Madueke អវត្តមាន។
Thiago Alcantara និង Stefan Bajcetic មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រឡប់មកកាន់ជម្រើស១១នាក់ដំបូងរបស់ Liverpool ក្រោយជាសះស្បើយពីរបួសកាលពីរដូវកាលមុន។
ជួបគ្នា ៥លើកចុងក្រោយនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ក្រុមទាំងពីរស្មើគ្នា ៣ដង Liverpool ឈ្នះ ២ដង។ ប្រកួតចុងក្រោយនៅ Stamford Bridge នៅជើងទី២ រដូវកាលមុន ស្មើគ្នាដោយគ្មានគ្រាប់បាល់។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១៖
Arrizabalaga; James, Silva, Colwill, Chilwell; Gallagher, Fernandez; Sterling, Chukwuemeka, Mudryk; Jackson
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣៖
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Szoboszlai, Jones, Mac Allister; Salah, Gakpo, Diaz
CBS Sports ទស្សន៍ទាយថាលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Chelsea ១-១ Liverpool ៕