លោក Erik ten Hag បាននិយាយថា Harry Maguire គួរតែសម្រេចចិត្តចាកចេញពី Manchester United ប្រសើរជាង ប្រសិនបើគាត់មិនមានភាពជឿជាក់លើខ្លួងឯងគ្រប់គ្រាន់ក្នុងការប្រជែងយកកៅអីជម្រើស១១នាក់ដំបូង។
អ្នកចាត់ការរបស់ Manchester United បានបង្ហាញភាពស្ទាក់ស្ទើរ ទោះបីជាគាត់និយាយថា Maguire អាចជាផ្នែកសំខាន់នៃផែនការរបស់គាត់។ ទោះបីជាយ៉ាងណាក៏ដោយ លោក Ten Hag បានដកតំណែងប្រធានក្រុមពីកីឡាករវ័យ ៣០ឆ្នាំរូបនេះ ហើយថ្មីៗនេះ ក្លិបបានទទួលយកការដេញថ្លៃ ៣០ លានផោនពី West Ham សម្រាប់ Maguire ។
Ten Hag បានបញ្ជាក់ថា៖ “Maguire មានសមត្ថភាពជាខ្សែការពារកណ្តាលលំដាប់កំពូលម្នាក់។ គេល្អសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដូច្នេះហេតុអ្វីបានជាគេមិនល្អបំផុតសម្រាប់ក្រុមរបស់យើង? គេត្រូវតែបង្ហាញវាដល់ពួកយើង។ នៅពេលដែលគេមិនមានទំនុកចិត្តគ្រប់គ្រាន់ គេត្រូវតែចាកចេញ។ ប៉ុន្តែខ្ញុំមិនមានបញ្ហាអ្វីជាមួយគេទេ”។
ការផ្ទេរចេញរបស់ Maguire មិនទាន់ប្រកាសជាផ្លូវការនោះទេ ខណៈ Man Utd ត្រូវប្រកួតទល់នឹង Wolves នៅយប់នេះ។ Maguire ត្រូវបានគេមើលឃើញថាជាជម្រើសចុងក្រោយបន្ទាប់ពី Victor Lindelof និងខ្សែការពារជម្រើសដំបូង Raphael Varane និង Lisandro Martinez ហើយសូម្បី Luke Shaw ក៏ត្រូវបានដាក់ឱ្យលេងនៅតំបន់ការពារកណ្តាលកាលពីរដូវកាលមុនផងដែរ។ ថ្មីៗនេះ ខ្សែការពាកណ្ដាល Jonny Evans បានចូលរួមជាមួយ Man United ដែលផ្ដល់ការប្រកួតប្រជែងកាន់តែខ្លាំងឡើងសម្រាប់ Maguire សម្រាប់តំណែង១១នាក់ដំបូង៕