អ្នកចាំទីថ្លៃជាងគេលើលោក កីឡាករ Kepa Arrizabalaga បានផ្លាស់ពី Chelsea មកលេងនៅក្លិប Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ នេះបើតាមការប្រកាសពីក្លិបនៅលីគកំពូលអេស្ប៉ាញ កាលពីពេលថ្មីៗនេះ។
កីឡាករវ័យ២៨ឆ្នាំ នឹងលេងក្នុងមួយរដូវកាល ២០២៣-២៤ ដើម្បីចូលមកជំនួសអ្នកចាំទីបែលហ្ស៊ីក Thibaut Courtois ដែលត្រូវអវត្តមានពីទីលានជាច្រើនខែ ដោយសាររបួសរហែកសរសៃជង្គង់ ACL អំឡុងការហ្វឹកហាត់កាលពីពាក់កណ្តាលសប្តាហ៍មុន។
ជារឿងមួយគួរឱ្យចាប់អារម្មណ៍ដែរ នោះគឺទាំង Kepa Arrizabalaga និង Thibaut Courtois សុទ្ធតែធ្លាប់លេងនៅ Chelsea។
Kepa ជាប់ឈ្មោះជាអ្នកចាំទីដែលលក់ក្នុងតម្លៃថ្លៃជាងគេលើពិភពលោក ដោយកាលពីឆ្នាំ២០១៨ ក្លិប Chelsea បានទិញកីឡាករអេស្ប៉ាញរូបនេះពីក្លិប Athletic Bilbao ក្នុងតម្លៃ ៩០លានដុល្លារអាមេរិក។ យ៉ាងណា រូបគេមិនសូវស្ថិតក្នុងការចាប់អារម្មណ៍របស់ Chelsea ទៀតនោះទេ បន្ទាប់ពី ក្លិបដែលមានមូលដ្ឋាននាទីក្រុងឡុងដ៍ បាននាំយកអ្នកចាំទី Robert Sanchez ពីក្លិប Brighton នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ដោយឡែក Kepa Arrizabalaga ក៏ត្រូវបានរាយការណ៍ថា បានស្ថិតនៅក្នុងគោលដៅរបស់ក្លិបអាល្លឺម៉ង់ Bayern Munich ផងដែរ ដោយចង់នាំយករូបគេមកជំនួសកន្លែងរបស់អ្នកចាំទី Manuel Neuer ដែលកំពុងមានរបួស ប៉ុន្តែ Real Madrid បែរជាមានភាពរហ័សរហួនជាង ក្នុងការនាំយកកីឡាករទៅចូលរួមជាមួយពួកគេបានសម្រេចទៅហើយ៕