លោក Erik ten Hag រីករាយដែលក្រុម Manchester United របស់គាត់ បានរកវិធីដើម្បីផ្តួល Wolverhampton Wanderers ទោះបីជាពួកគេធ្វើមិនបានល្អកាលពីយប់មិញក៏ដោយ។
គ្រាប់បាល់តែតបញ្ចូលទីនៅនាទីទី៧៦របស់ខ្សែការពារ Raphael Varane គឺគ្រប់គ្រាន់សម្រាប់ Man Utd ដើម្បីចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងជ័យជម្នះ ១-០ ខណៈដែល Wolves បានបាត់បង់ឱកាសដ៏ល្អជាច្រើនក្នុងការរកគ្រាប់បាល់។
ការព្យាយាមស៊ុតចំនួន ២៣ លើករបស់ Wolves ជាកំណត់ត្រាដែលមិនធ្លាប់មានឡើយនៅកីឡដ្ឋាន Old Trafford ក្នុងក្របខណ្ឌ Premier League ចាប់តាំងពីរដូវកាល២០០៣-០៤ ខណៈការស៊ុតចំគោលដៅចំនួន ៦ លើករបស់ពួកគេដែលមិនបានសម្រេច ក៏មិនធ្លាប់មាននៅក្នុងដីរបស់ Man Utd ក្នុងរយៈពេល ៤ ឆ្នាំផងដែរ។
Ten Hag បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ “ពួកគេក៏សម្រុកយើងខ្លាំងដូចគ្នា ប៉ុន្តែទីបំផុត ពួកយើងនៅតែអាចរកវិធីដើម្បីឈ្នះការប្រកួតនេះ”។
“នោះគឺជាអ្វីដែលយើងបានធ្វើ ហើយបន្ទាប់មកយើងបានឃើញស្មារតីរបស់ក្រុម និងឆន្ទៈក្នុងការឈ្នះ។ ពួកយើងសប្បាយចិត្ត។ ពួកយើងដឹងថាយើងត្រូវតែតស៊ូដើម្បីពិន្ទុរបស់យើង។ វាមិនមែនជាការប្រកួតដ៏ល្អឥតខ្ចោះរបស់ពួកយើងទេ ប៉ុន្តែពួកយើងត្រូវតែប្រយុទ្ធ។ យើងត្រូវតែរកវិធីដើម្បីឈ្នះ ហើយនោះជាអ្វីដែលយើងធ្វើបាន”។
សូមជម្រាបថា Man Utd គឺជាក្រុមកំពូលទាំង៤កាលពីរដូវកាលមុន ដែលស៊ុតបញ្ចូលទីត្រឹមតែ១គ្រាប់ នៅក្នុងការប្រកួតបើករដូវកាល២០២៣-២៤នេះ ខណៈក្រុម៣ទៀតសុទ្ធតែរកបានលើសពី១គ្រាប់ក្នុងជ័យជម្នះរបស់ពួកគេ ដោយ Newcastle ឈ្នះ Aston Villa ដោយលទ្ធផល ៥-១, Man City ឈ្នះម្ចាស់ផ្ទះ Burnley ៣-០ និង Arsenal ស៊ុតបាន២គ្រាប់ក្នុងជ័យជម្នះ ២-១ លើ Nottingham Forest ៕