×

Kevin de Bruyne តម្រូវឱ្យសម្រាករហូតដល់៤ខែ និងអាចទទួលការវះកាត់

អ្នកចាត់ការ Pep Guardiola បានបញ្ជាក់ថា ខ្សែបម្រើឆ្នើម Kevin de Bruyne អាចនឹងខកខានរយៈពេល ៤ ខែ ខណៈ Manchester City កំពុងធ្វើការសម្រេចចិត្តថាតើគាត់ត្រូវការវះកាត់របួសសរសៃពួរឬយ៉ាងណា។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានមានបញ្ហារបួសសាជាថ្មី បន្ទាប់ពីលេងបាន ២៣ នាទីក្នុងការប្រកួតបើកឆាករបស់ Man City ទល់នឹង Burnley នៅកីឡដ្ឋាន Turf Moor ។ លោក Guardiola បានបញ្ជាក់ដូច្នេះថា៖ “វាជារបួសធ្ងន់ធ្ងរ”។

De Bruyne ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ បានអវត្តមានរាល់ការប្រកួត Pre-season របស់ Man City ក្រោយរបួសកាលពីវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Inter Milan កាលពីខែមិថុនា ហើយបានត្រលប់មកវិញក្នុងតង់ទី២ ក្នុងការប្រកួត Community Shield ទល់នឹង Arsenal ។

លោក Guardiola បានបន្ថែមថា៖ “យើងត្រូវសម្រេចចិត្តថាតើគាត់ត្រូវការការវះកាត់ ឬមិនវះកាត់ ប៉ុន្តែគាត់នឹងសម្រាករយៈពេលប៉ុន្មានខែខាងមុខ”។

De Bruyne ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន (Assist) ៣១ ដង ខណៈ Man City បានឈ្នះពានរង្វាន់ Champions League, Premier League និង FA Cup កាលពីរដូវកាលមុន។

គេបានទម្លាយកាលពីដើមខែនេះថា ខ្លួនបានលេងដោយការឈឺចាប់ជាមួយនឹងរបួសសរសៃពួរ អស់រយៈពេលពីរខែចុងក្រោយកាលពីរដូវកាលមុន៕

Man City ត្រូវជួបក្រុមម្ចាស់ជើងឯក Europa League, Sevilla ក្នុងការប្រកួត Super Cup នៅទីក្រុងអាតែន ប្រទេសក្រិក នៅយប់នេះ វេលាម៉ោង ២រំលងអធ្រាត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង