ក្លិប Arsenal បានប្រកាសផ្លូវការ អំពីការយកបានអ្នកចាំទី David Raya មកចូលរួមជាមួយខ្លួនចេញដោយផ្ទេរពីក្លិប Brentford លើកិច្ចសន្យាខ្ចីជើងមួយរដូវកាល អមដោយជម្រើសក្នុងការទិញផ្តាច់ផងដែរ។
កីឡាករអេស្ប៉ាញ វ័យ២៧ឆ្នាំ អាចរាប់បានថា ជាកីឡាករចំណូលថ្មីទី ៤ ហើយរបស់ក្លិបកាំភ្លើងធំនៅទីផ្សារដោះដូវកីឡាកររដូវក្តៅ បន្ទាប់ពីការមកដល់របស់ Kai Havertz, Jurrien Timber និង Declan Rice។
David Raya ជាកីឡាករលេងតំណែងអ្នកចាំទី ដៃទីមួយនៅក្លិបចាស់ Brentford ដោយបានបង្ហាញខ្លួនចំនួន ១៦១ដង គ្រប់ការប្រកួត និងជាចំណែកជួយក្លិបទទួលបានឱកាសឡើងពីក្របខណ្ឌទី២ Championship មកកាន់ក្របខណ្ឌកំពូលអង់គ្លេស Premier League នៅរដូវកាលទីពីររបស់គេ គឺនៅក្នុងឆ្នាំ២០២១។
ឥឡូវនេះអតីតសមាជិក Blackburn Rovers ត្រូវបាន Arsenal ខ្ជីជើងពី Brentford ដោយមានតម្លៃប្រមាណ ៣លានផោន ហើយមានជម្រើសទិញផ្តាច់ក្នុងតម្លៃ២៧លានផោនបន្ថែមទៀត។ រូបគេនឹងមកប្រជែងតំណែងអ្នកចាំទីដៃទីមួយរវាង Aaron Ramsdale តែមតិជាច្រើនជឿថា Raya ទំនងនឹងមានភាគរយល្អជាង Ramsdale មិនខានឡើយ។
សូមបញ្ជាក់ថា Arsenal កន្លងទៅនេះ បានយកឈ្នះដោយលទ្ធផល ២-១ ទៅលើ Nottingham Forest ខណៈសប្តាហ៍បន្ទាប់ពួកគេត្រូវប៉ះ Crystal Palace ហើយក៏ទំនងនឹងអាចជាពេលវេលាបង្ហាញវត្តមានរបស់ David Raya ទៅលើទីលានផងដែរ ឬអាចនឹងចាំដល់ប្រកួតបន្ទាប់ទៀតនៅ ទឹកដី Emirate Stadium តែម្តង៕