Manchester City បានឈ្នះពានរង្វាន់ UEFA Super Cup ដើម្បីបន្ថែមលើការឈ្នះពានរង្វាន់ Premier League, UEFA Champions League និង FA Cup កាលពីរដូវកាលមុន ជាមួយនឹងជ័យជម្នះលើក្រុម Sevilla ដោយបាល់ប៉េណាល់ទី ៥ទល់៤ ក្នុងទីក្រុងអាតែន ប្រទេសក្រិក កាលពីយប់មិញ។
កូនក្រុមរបស់លោក Pep Guardiola ទើបតែរបូតពានរង្វាន់ Community Shield ក្រោមស្នាដៃក្រុម Arsenal ដោយការទាត់ប៉េណាល់ទីផងដែរ ប៉ុន្តែលើកនេះ កីឡាករ Nemanja Gudelj របស់ Sevilla បានស៊ុតចំបង្គោលទីចុងក្រោយ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីម្ខាងចំនួន ៩ គ្រាប់ ។
Man City បានវាយបកតាមស្មើ បន្ទាប់ពីការតែតបាល់ពីសំណាក់ Youssef En-Nesyri បានធ្វើឱ្យក្រុមម្ចាស់ជើងឯក Europa League, Sevilla នាំមុខមុននៅនាទីទី២៥។
អ្នកចាំទី Bono របស់ Sevilla និងអ្នកចាំទី Ederson របស់ City បានសង្គ្រោះបាល់ ៥ដងដូចគ្នា មុនពេលដែល Cole Palmer តែតតាមស្មើនៅនាទីទី៦៣ ពីការលើកបាល់យ៉ាងល្អរបស់ Rodri ។
គិតមកទល់ពេលនេះ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ City បានក្លាយជាគ្រូបង្វឹកទីមួយ ដែលឈ្នះពានរង្វាន់ UEFA Super Cup ជាមួយក្លិប៣ផ្សេងៗគ្នា ពោលគឺ City, Barcelona និង Bayern Munich ៕