ក្រុម Manchester United បានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីបញ្ជាក់ថា មិនមានការសម្រេចចិត្តណាមួយអំពីអនាគតរបស់ Mason Greenwood នោះទេ ហើយបញ្ហានេះជាប្រធានបទនៃការពិចារណាផ្ទៃក្នុងរបស់ក្លិប។
ការចោទប្រកាន់លើកីឡាករ Greenwood អាយុ ២១ ឆ្នាំ ចំពោះការប៉ុនប៉ងរំលោភ និងអំពើហិង្សា ត្រូវបានទម្លាក់ចោលកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ Man United បាននិយាយថា៖ “ដំណាក់កាលស្វែងរកការពិត” នៃការស៊ើបអង្កេតរបស់ពួកគេ ឥឡូវនេះបានបញ្ចប់ហើយ។ ការសម្រេចចិត្តអំពីអនាគតរបស់ Greenwood ស្ថិតលើនាយកប្រតិបត្តិ Richard Arnold ។
ក្លិបបានបន្ថែមថា៖ “ផ្ទុយពីការរំពឹងទុករបស់ប្រព័ន្ធផ្សព្វផ្សាយ មិនទាន់មានការសម្រេចចិត្តណាមួយនោះទេ ហើយបច្ចុប្បន្ននេះជាកម្មវត្ថុនៃការពិចារណាផ្ទៃក្នុងយ៉ាងយកចិត្តទុកដាក់បំផុត”។
ក្លិបបន្ថែមថា៖ “នៅពេលដែលមានការសម្រេចចិត្តណាមួយ គេនឹងត្រូវបានទាក់ទង និងពន្យល់ទៅកាន់ភាគីពាក់ព័ន្ធផ្ទៃក្នុង និងខាងក្រៅរបស់ក្លិប”។
មានការតវ៉ានៅខាងក្រៅកីឡដ្ឋាន Old Trafford ប្រឆាំងនឹងការត្រលប់មកវិញរបស់ Greenwood មុនពេលការប្រកួតទល់នឹង Wolves ហើយក្រុមអ្នកគាំទ្រ United ដែលជាស្ត្រី បាននិយាយថា ពួកគេមិនចង់ឱ្យក្លិបអត់ឱនចំពោះអំពើហិង្សាលើស្ត្រីឡើយ។
Greenwood មិនបានចូលរួមនៅទីលានហ្វឹកហាត់ Carrington របស់ក្លិបចាប់តាំងពីការឃាត់ខ្លួនរបស់គេ កាលពីឆ្នាំមុន។ កុងត្រារបស់គេនៅ United មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥។
Man Utd ប្រកួតទល់នឹង Tottenham Hotspur នៅសប្ដាហ៍ទី២ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នាថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១:២៥ នាទីយប់តទៅ៕