គ្រូបង្វឹកលោក Pep Guardiola បាននិយាយថា លោកមានភាពរីករាយ ដែលក្រុម Man City របស់លោកបានដណ្តើមយកពានរង្វាន់ UEFA Super Cup 2023 បានសម្រេច។
ជាការពិត ក្រុម Man City បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Super Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីយកឈ្នះក្រុម Sevilla ដោយការទាត់បាល់កាត់សេចក្តី ៥-៤ ក្រោយស្មើគ្នា ១-១ នៅម៉ោងធម្មតា ៩០នាទី។
ការប្រកួតនាទីលាន Karaiskakis ស្ថិតនាទីក្រុង Piraeus ប្រទេសក្រិក ទាំងក្រុម Man City និង Sevilla បានធ្វើការវាយសម្រុកដាក់គ្នាយ៉ាងខ្លាំងក្លា តែក្នុងនោះ Sevilla បានបើកការនាំមុខមុនដោយការតែតបញ្ចូលទីរបស់កីឡាករ Youssef En-Nesyri ក្នុងនាទី២៥ ខណៈវគ្គទី១ មានការស៊ុតបញ្ចូលទីតែមួយលើកនេះ។
ចូលមកដល់វគ្គទី២ Man City មានឱកាសតាមស្មើមកវិញ ដោយការតែតបញ្ចូលទីរបស់ ខ្សែបម្រើ Cole Palmer ក្នុងនាទី៦៣។ Cole Palmer បានក្លាយជាកីឡាករអង់គ្លេសទី១ ដែលរកគ្រាប់បាល់បញ្ចូលទីបានសម្រេចក្នុងពានរង្វាន់ UEFA Super Cup បន្ទាប់ពីខ្សែការពារ Gary Cahill ដែលធ្វើបានដូចនេះឱ្យ Chelsea ចាប់តាំងពីឆ្នាំ២០១២។
លទ្ធផលស្មើគ្នា ១-១ បានរក្សាដល់ចប់៩០នាទី និងឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ហើយក្នុងនោះ Man City ធ្វើបានសម្រេច៥គ្រាប់ ខណៈ Sevilla បានខកខានដោយសារការភ្លាត់ស្នៀតរបស់ Nemanja Gudelj ។ ដូច្នេះ Man City ក៏បានក្លាយជាម្ចាស់ពានរង្វាន់ UEFA Super Cup ឆ្នាំ២០២៣ តែម្តង។
ការធ្វើបានល្អរបស់កីឡាករខ្លួនត្រូវបានលោក Pep Guardiola មានការពេញចិត្តយ៉ាងខ្លាំង ដោយលោកបានថ្លែងនៅក្រោយចប់ការប្រកួតថា៖ “ខ្ញុំពិតជារីករាយ ព្រោះកីឡាកររបស់យើងទាំងអស់បានព្យាយាមយ៉ាងខ្លាំងក្លា។ យើងពិតជាមានការលំបាកព្រោះគូប្រកួតរបស់យើង ក៏បានបង្ហាញភាពខ្លាំងរបស់ពួកគេដែរ ប៉ុន្តែយើងបានធ្វើតាមគម្រោងដែលយើងបានគ្រោងទុក រហូតអាចទទួលបានជ័យជម្នះនៅពេលនេះ។ នេះជារឿងដែលខ្ញុំពេញចិត្តបំផុត។”
សូមបញ្ជាក់ថា នេះគឺជាពានរង្វាន់ធំទី៣របស់ ក្រុមមេឃខៀវដែលរកបាននៅក្នុងឆ្នាំ ២០២៣ បន្ទាប់ពីការឈ្នះពានរង្វាន់ Premier League និង UEFA Champions League រួចមក៕