អ្នកចាំទី Kepa Arrizabalaga បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រូបគេសង្ឃឹមថា ក្លិប Real Madrid អាចទិញខ្លួនផ្តាច់ ក្រោយចប់កិច្ចសន្យាខ្ចីជើង។
ជាការពិត កីឡាករវ័យ២៨ឆ្នាំ បានផ្លាស់ពី Chelsea មកលេងនៅ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល គឺក្នុងរដូវកាល ២០២៣-២៤ ដើម្បីជំនួសអ្នកចាំទីបែលហ្ស៊ីក Thibaut Courtois ដែលត្រូវអវត្តមានពីទីលានជាច្រើនខែ ព្រោះរបួសរហែកសរសៃជង្គង់ ACL អំឡុងការហ្វឹកហាត់។
ការផ្ទេរមកកាន់ទឹកដី Santiago Bernabéu របស់ Kepa Arrizabalaga ក្នុងនាមជាកីឡាករខ្ចីជើងនេះ មិនមានលក្ខខណ្ឌក្នុងការទិញផ្តាច់ទេ ប៉ុន្តែសាមីកីឡាករបានបង្ហាញពីបំណងរបស់ខ្លួនយ៉ាងច្បាស់ថា រូបគេចង់នៅ Real Madrid ជាអចិន្ត្រៃយ៍ មិនចង់វិលត្រឡប់ទៅកាន់ Chelsea វិញឡើយ។
Kepa ជាប់ឈ្មោះជាអ្នកចាំទីដែលលក់ក្នុងតម្លៃថ្លៃជាងគេលើពិភពលោក ដោយកាលពីឆ្នាំ២០១៨ ក្លិប Chelsea បានទិញកីឡាករអេស្ប៉ាញរូបនេះពី Athletic Bilbao តម្លៃ ៩០លានដុល្លារអាមេរិក។
យ៉ាងណា រូបគេមិនសូវស្ថិតក្នុងការចាប់អារម្មណ៍របស់ Chelsea ទៀតនោះទេ បន្ទាប់ពី ក្លិបដែលមានមូលដ្ឋាននាទីក្រុងឡុង បាននាំយកអ្នកចាំទី Robert Sanchez ពី Brighton នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
បញ្ចេញចំណាប់អារម្មណ៍ក្រោយបានក្លាយខ្លួនជាសមាជិក Real Madrid, Kepa Arrizabalaga បានថ្លែងថា៖ “ខ្ញុំសង្ឃឹមថា Real Madrid នឹងបន្តរក្សាពួកគេ ក្រោយចប់រដូវកាល។ កីឡាករអេស្ប៉ាញតែងតែនិយាយពីភាពអស្ចារ្យរបស់ក្លិប ហើយគ្រប់យ៉ាងនៅទីនេះ ជាអ្វីដែលកីឡាករគ្រប់រូបចង់បាន។ ដូច្នេះ ខ្ញុំចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍មួយរូបរបស់ពួកគេដែរ។”
ដោយឡែក Kepa Arrizabalaga ក៏ស្ថិតនៅក្នុងគោលដៅរបស់ក្លិបអាល្លឺម៉ង់ Bayern Munich ដោយចង់នាំយករូបគេមកជំនួសកន្លែងរបស់អ្នកចាំទី Manuel Neuer ដែលកំពុងមានរបួស ប៉ុន្តែចុងក្រោយ រូបគេបានសម្រេចមកចូលរួមជាមួយ Real Madrid វិញ៕