×

Liverpool ចរចាលើការផ្ទេរខ្សែបម្រើជប៉ុនរបស់ក្រុមអាល្លឺម៉ង់ Stuttgart

Liverpool កំពុងពិភាក្សាជាមួយ Stuttgart លើកិច្ចព្រមព្រៀងដើម្បីផ្ទេរខ្សែបម្រើសញ្ជាតិជប៉ុន Wataru Endo ។ នេះបើយោងតាមសារព័ត៌មាន BBC ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួន ៣៣ ប្រកួតនៅក្របខណ្ឌ Bundesliga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ ដង។

Liverpool បានងាកចំណាប់អារម្មណ៍ទៅកាន់កីឡាករ Endo បន្ទាប់ពីការផ្ទេរកីឡាករអន្តរជាតិអេក្វាឌ័រ Moises Caicedo ទទួលបរាជ័យ ដែលបានចូលរួមជាមួយ Chelsea ពី Brighton ក្នុងកិច្ចព្រមព្រៀង ១១៥លានផោន។ ក្រុមហង្សក្រហម និងក្រុមតោខៀវ កំពុងដណ្ដើមគ្នាចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Romeo Lavia វ័យ ១៩ ឆ្នាំរបស់ Southampton ផងដែរ។

Liverpool ចង់បានខ្សែបម្រើការពារម្នាក់ បន្ទាប់ពីការចាកចេញរបស់ Fabinho, Jordan Henderson និង James Milner នៅរដូវក្តៅនេះ ខណៈដែលខ្សែបម្រើកណ្តាល Naby Keita និង Alex Oxlade-Chamberlain ក៏បានចាកចេញពីក្លិបផងដែរ។

Endo ដែលលេង ៥០ ប្រកួតសម្រាប់ក្រុមជប៉ុន បានចូលរួមជាមួយ Stuttgart ដំបូងក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលក្នុងឆ្នាំ២០១៩ មុនពេលចុះកិច្ចសន្យាផ្ទេរជាអចិន្ត្រៃយ៍។

Endo ជាសមាជិកនៃក្រុមជប៉ុនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ហើយបានជួយប្រទេសរបស់គាត់យកឈ្នះអាល្លឺម៉ង់ និងអេស្ប៉ាញ ដើម្បីបញ្ចប់ចំណាត់ថ្នាក់កំពូលក្នុងពូលរបស់ពួកគេ។ ទោះជាយ៉ាងណា ជប៉ុនមិនអាចឈានទៅវគ្គ៨ក្រុមចុងក្រោយបានដោយសារក្រូអាត ដោយការទាត់ប៉េណាល់ទី។

Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ទទួលក្រុម Bournemouth ក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នាថ្ងៃសៅរ៍ ទី១៩ ខែសីហា វេលាម៉ោង ៨:៥៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង