×

ស្ត្រីមានឥទ្ធិពលម្នាក់ប្រកាសឈប់គាំទ្រMan Utd បើGreenwoodត្រូវបានអនុញ្ញាតឱ្យចូលរួមក្រុមវិញ

លោកស្រី Rachel Riley ដែលជាបុគ្គលរបស់មហាជនដែលមានអ្នកតាមដាននៅលើបណ្ដាញសង្គមរាប់សិបម៉ឺននាក់ បាននិយាយថាគាត់នឹងឈប់គាំទ្រ Manchester United ប្រសិនបើក្លិបអនុញ្ញាតឱ្យកីឡាករ Mason Greenwood ត្រឡប់មកចូលរួមក្រុមសាជាថ្មី។

ក្រុមបិសាចក្រហមបាននិយាយកាលពីថ្ងៃពុធថា មិនមានការសម្រេចចិត្តណាមួយអំពីអនាគតរបស់កីឡាករវ័យ ២១ ឆ្នាំដែលត្រូវបានព្យួរចាប់តាំងពីខែមករាឆ្នាំ២០២២ឡើយ។ Greenwood ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ ការប្រើប្រាស់អំពើហិង្សា និងបង្ខិតបង្ខំ ប៉ុន្តែការចោទប្រកាន់ទាំងនោះត្រូវបានទម្លាក់ក្នុងខែកុម្ភៈ ឆ្នាំ២០២៣។

បន្ទាប់ពីអ្នកគាំទ្រ Man Utd ម្នាក់ដែលជាស្ត្រី បានបង្ហោះក្នុង Twitter ដើម្បីនិយាយថានាងនឹង “ដើរចេញពីក្លិប” ប្រសិនបើ Greenwood ត្រលប់មកវិញ លោកស្រី Riley ដែលជាពិធីការិនីរបស់ទូរទស្សន៍នៅប្រទេសអង់គ្លេស បានប្រកាសចូលរួមជាមួយយុទ្ធនាការមួយនេះផងដែរ។

លោកស្រី Riley បានប្រាប់អ្នកតាមដាន Twitter របស់គាត់ ចំនួន ៦៨៤០០០នាក់ថា៖ “ខ្ញុំនៅជាមួយ Em ខ្ញុំនឹងមិនអាចគាំទ្រ United ទេ ប្រសិនបើ Greenwood នៅក្លិបនេះបន្តទៀត។ យើងទាំងអស់គ្នាបានឃើញ និងឮគ្រប់គ្រាន់ហើយ។ ការនិយាយថាវាមិនអីទេ គឺជាឫសគល់នៃបញ្ហា”។

មានការតវ៉ានៅខាងក្រៅកីឡដ្ឋាន Old Trafford ប្រឆាំងនឹងការត្រលប់មកវិញរបស់ Greenwood មុនពេលការប្រកួតទល់នឹង Wolves ហើយក្រុមអ្នកគាំទ្រ United ដែលជាស្ត្រី បាននិយាយថា ពួកគេមិនចង់ឱ្យក្លិបអត់ឱនចំពោះអំពើហិង្សាលើស្ត្រីឡើយ។

Greenwood មិនបានចូលរួមនៅទីលានហ្វឹកហាត់ Carrington របស់ក្លិបចាប់តាំងពីការឃាត់ខ្លួនរបស់គេ កាលពីឆ្នាំមុន។ កុងត្រារបស់គេនៅ United មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៥។

Man Utd ប្រកួតទល់នឹង Tottenham Hotspur នៅសប្ដាហ៍ទី២ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នាថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១:២៥ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង