អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបញ្ជាក់ថា គ្មានកីឡាករជម្រើសទី១ ឬជម្រើសទី២ នៅក្នុងក្រុមរបស់គាត់ទេ បន្ទាប់ពីបានចុះហត្ថលេខាលើអ្នកចាំទី David Raya ។
អ្នកចាំទីវ័យ ២៧ឆ្នាំបានផ្ទេរពី Brentford ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ លោក Arteta សង្ឃឹមថាវានឹងបង្កើនការប្រកួតប្រជែងក្នុងសម្រាប់អ្នកចាំទីរបស់ខ្លួន រវាង Raya និង Aaron Ramsdale។
Ramsdale វ័យ ២៥ឆ្នាំ បានរក្សា Clean Sheet ចំនួន ១៤ ដងកាលពីរដូវកាលមុន ខណៈដែល Arsenal បានបញ្ចប់ចំណាត់ថ្នាក់លេខ២ ប៉ុន្តែ Arteta បាននិយាយថាគាត់សង្ឃឹមថាការមកដល់របស់ Raya និងការប្រកួតប្រជែងជម្រើស១១នាក់ដំបូងនៅក្នុងក្រុមរបស់គាត់ នឹងធ្វើឱ្យកីឡាករម្នាក់ៗខិតខំប្រឹងប្រែងរៀងៗខ្លួន។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បានឱ្យដឹងបែបនេះថា៖ “យើងមានអ្នកចាំទីដ៏អស្ចារ្យពីរនាក់ ដូចជាយើងមានខ្សែបម្រើស្លាបឆ្វេងដ៏អស្ចារ្យពីរនាក់ និងខ្សែបម្រើប្រយុទ្ធដ៏អស្ចារ្យពីរនាក់។ គ្មានជម្រើសទីមួយ នៅក្នុងតំណែងមួយណាទាំងអស់”។
ក្រុមរបស់លោក Arteta នឹងធ្វើដំណើរទៅសួរសុខទុក្ខ Crystal Palace នៅក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២៣-២៤ សប្ដាហ៍ទី២ បន្ទាប់ពីក្រុមទាំងពីរបានឈ្នះនៅក្នុងការប្រកួតដំបូងរៀងៗខ្លួន៕