លោក Mauricio Pochettino គ្រូបង្វឹកក្រុម Chelsea ជឿជាក់ថា ក្រុមតោខៀវនឹងចាប់ផ្តើមឈ្នះការប្រកួត ប៉ុន្តែគាត់ពេញចិត្តនឹងទម្រង់លេងរបស់ក្រុមរបស់គាត់ក្នុងការបរាជ័យ ៣-១ ក្រោមថ្វីជើងរបស់ក្រុម West Ham United ដែលសល់គ្នា ១០នាក់។
Carney Chukwuemeka ដែលជាកីឡាករវ័យក្មេងរបស់ Chelsea បានតាមស្មើឱ្យក្រុមរបស់ខ្លួន បន្ទាប់ពីកីឡាករ Nayef Aguerd បើកការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ នៅកីឡដ្ឋាន London ។ Enzo Fernandez បានទាត់បាល់ប៉េណាល់ទីមិនបានសម្រេច ធ្វើឱ្យក្រុម West Ham បាននាំមុខវិញតាមរយៈ Michail Antonio ។ ទោះបីជា Aguerd ត្រូវបានបណ្តេញចេញក៏ដោយ ក៏ក្រុមញញួរធំ បានបន្ថែមគ្រាប់ទី៣ក្នុងវគ្គទីពីរតាមរយៈការទាត់ប៉េណាល់ទីរបស់ Lucas Paqueta ។
ក្រុមតោខៀវបានបើករដូវកាលរបស់ពួកគេជាមួយនឹងលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Liverpool ។ លោក Pochettino បានឱ្យដឹងដូច្នេះថា៖ “ខ្ញុំចូលចិត្តចាប់ផ្តើមតាមរបៀបនេះ ដោយបង្ហាញទម្រង់លេងល្អ អាកប្បកិរិយាល្អ ពីព្រោះយើងគ្រប់គ្រងលើ Liverpool និង West Ham”។
“វាគឺជាការបរាជ័យដែលនឹងធ្វើឱ្យយើងកាន់តែរឹងមាំ ដូច្នេះយើងអាចធ្វើបានល្អជាងមុននៅក្នុងការប្រកួតបន្ទាប់។ ពេលនេះយើងត្រូវបន្តទៅមុខ មានគិតពីរឿងវិជ្ជមាន។ មិនមែនលទ្ធផលនោះទេ ប៉ុន្តែយើងនឹងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឈ្នះ៕”