×

គ្រូ Chelsea ទទូចឱ្យកីឡាករជឿជាក់លើការដឹកនាំខ្លួន ទោះបានចាញ់ West Ham

គ្រូបង្វឹក Chelsea លោក Mauricio Pochettino បានធ្វើការទទូចឱ្យកូនក្រុមតោខៀវ មានការជឿជាក់លើការដឹកនាំរបស់លោក បើទោះបីជាមិនទាន់មានលទ្ធផលគាប់ប្រសើរក្តី។

ជាការពិត Chelsea ទើបតែបានចាញ់ក្រុម West Ham United ដោយលទ្ធផល ៣-១ ក្នុងជំនួបសប្តាហ៍ទី២ ដែលបានធ្វើឡើងនាទីលាន London Stadium។

ការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ West Ham ជាអ្នករកគ្រាប់បាល់បានមុនដោយ Nayef Aguerd នៅនាទី៧ តែ ក្រុម Chelsea តាមស្មើវិញដោយ Carney Chukwuemeka ក្នុងនាទី២៨។ Chelsea ស្ទើរតែរកបានគ្រាប់ទី២ ដោយ Enzo Fernández នៅនាទី៤៣ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ តែរូបគេធ្វើមិនសម្រេចដោយអ្នកចាំទី Alphonse Areola សង្គ្រោះបាន។

ចូលដល់វគ្គទី២ កីឡាករ Michail Antonio បានរកគ្រាប់បាល់ នាំមុខឱ្យ West Ham វិញ ក្នុងនាទី៥៣ តែក្រុមញញួរយក្ស ត្រូវសល់គ្នាតែ១០នាក់ ពេលកីឡាករ Nayef Aguerd ត្រូវពិន័យកាតលឿងទី២ ស្មើកាតក្រហមត្រូវបណ្តេញចេញពីទីលាន។ ទោះយ៉ាងណា Chelsea នៅតែមិនអាចធ្វើអ្វីគូប្រកួតរបស់ខ្លួនទៀតបាន ខណៈ West Ham បែរជាអាចរកបានបន្ថែមគ្រាប់ទី៣ ដោយកីឡាករ Lucas Paquetá ទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទី៩០+៥ ដើម្បីធានាបានជ័យជម្នះ។

ក្រោមការដឹកនាំរបស់លោក Pochettino ក្រុម Chelsea មិនទាន់រកបានជ័យជម្នះនៅឡើយទេ ខណៈការប្រកួត បើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៣-២៤ ពួកគេមានលទ្ធផលស្មើទល់នឹងក្រុម Liverpool ១-១។ យ៉ាងណាក៏ដោយ គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានទទូចឱ្យកីឡាកររបស់លោកមានការជឿជាក់ ព្រោះពួកគេកំពុងធ្វើដំណើរតាមអ្វីដែលលោកចង់បាន។

លោក Pochettino បានឱ្យដឹងដូចនេះថា៖ “យើងបង្កើតឱកាសជាច្រើន ហើយយើងធ្វើបានល្អ។ ទោះយ៉ាងណា យើងក៏ជួបការពិបាក ហើយខ្ញុំពិតជាមិនអាចពន្យល់បាននូវរឿងទាំងនោះទេ។ ប៉ុន្តែ ខ្ញុំចង់ឱ្យកីឡាករទាំងអស់មានការជឿជាក់ លើអ្វីដែលពួកយើងកំពុងធ្វើ។ យើងបានជួបរឿងខកចិត្តមែន ប៉ុន្តែវាទើបតែចាប់ផ្តើមប៉ុណ្ណោះ យើងត្រូវតែផ្តោតទៅលើអ្វីដែលយើងត្រូវធ្វើ ហើយយើងនឹងមានភាពខ្លាំងក្លានៅពេលបន្ទាប់។”

សូមបញ្ជាក់ថា ក្រោយឆ្លងកាត់២ប្រកួតនៅក្របខណ្ឌ Premier League រដូវកាលថ្មី ២០២២-២៣ នេះ ក្រុម Chelsea មានតែ១ពិន្ទុ ឈរលេខ ១៥ ខណៈ West Ham United នៅលេខ ៦ មាន៤ពិន្ទុ។ ការប្រកួតជាបន្ត Chelsea នឹងប៉ះ Luton Town ខណៈ West Ham United នឹងប៉ះ Brighton៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង