ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិប Manchester United នឹងចាកចេញពីក្លិប បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរយៈពេល៦ខែលើការប្រព្រឹត្តរបស់គេ ត្រូវបានបិទបញ្ចប់។
Greenwood ត្រូវបានចាប់ខ្លួន ក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីការចោទប្រកាន់ដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។ ការចោទប្រកាន់លើកីឡាករអន្តរជាតិអង់គ្លេសអាយុ ២១ ឆ្នាំ រួមមានការប៉ុនប៉ងរំលោភ និងអំពើហិង្សា ដែលត្រូវបានទម្លាក់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការមួយ ក្លិប Manchester United បាននិយាយថា៖ “ភាគីដែលពាក់ព័ន្ធទាំងអស់ រួមទាំង Mason បានទទួលស្គាល់ការលំបាកក្នុងការចាប់ផ្តើមអាជីពរបស់គេនៅ Manchester United ។ ដូច្នេះ ពួកយើងបានព្រមព្រៀងគ្នាទៅវិញទៅមកថា វាជាការសម្រេចចិត្តសមស្របបំផុតសម្រាប់គេក្នុងការចាកចេញពី Old Trafford ហើយឥឡូវនេះ យើងនឹងធ្វើការជាមួយ Mason ដើម្បីសម្រេចបានលទ្ធផលនោះ”។
“ដោយផ្អែកលើព័ស្តុតាងដែលមាន យើងអាចសន្និដ្ឋានថា ការបង្ហោះតាមអ៊ីនធឺណិតមិនផ្តល់រូបភាពពេញលេញទេ ហើយ Mason មិនបានប្រព្រឹត្តបទល្មើសដែលគាត់ត្រូវបានចោទប្រកាន់កាលពីដំបូងឡើយ ។ ទោះជាយ៉ាងណា Mason បានបង្ហាញដល់សាធារណជនដឹងថា គេបានធ្វើខុសដែលគេកំពុងទទួលខុសត្រូវ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀត Greenwood បានទទួលស្គាល់ថា ខ្លួនមានកំហុស ហើយបានទទួលខុសត្រូវលើទង្វើរបស់ខ្លួន ប៉ុន្តែបានបន្ថែមថា គេមិនបានធ្វើអ្វីដែលរូបគេត្រូវបានគេចោទប្រកាន់នោះទេ។
គេបានឱ្យដឹងដូច្នេះថា៖ “ការសម្រេចចិត្តថ្ងៃនេះ គឺជាផ្នែកនៃដំណើរការសហការរវាង Manchester United គ្រួសាររបស់ខ្ញុំ និងខ្ញុំ។ ការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់យើងទាំងអស់គ្នា គឺខ្ញុំនឹងបន្តអាជីពបាល់ទាត់របស់ខ្ញុំនៅឆ្ងាយពី Old Trafford ដែលវត្តមានរបស់ខ្ញុំនឹងមិនមានការរំខានដល់ក្លិបនេះឡើយ។ ខ្ញុំសូមអរគុណក្លិបសម្រាប់ការគាំទ្ររបស់ពួកគេ ចាប់តាំងពីខ្ញុំបានចូលរួមកាលពីអាយុ៧ឆ្នាំ។ United នឹងនៅតែជាចំណែកមួយក្នុងជីវិតរបស់ខ្ញុំ”។
គេបន្តថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសាររបស់ខ្ញុំ និងមនុស្សជាទីស្រលាញ់ទាំងអស់សម្រាប់ការគាំទ្ររបស់ពួកគេ ហើយឥឡូវនេះដើម្បីតបស្នងនូវទំនុកចិត្តដែលអ្នកនៅជុំវិញខ្ញុំបានផ្ដល់ឱ្យ ខ្ញុំមានបំណងចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ល្អមួយរូប ប៉ុន្តែសំខាន់បំផុតគឺខ្ញុំនឹងធ្វើជាឪពុកដ៏ល្អម្នាក់ កែខ្លួនឱ្យប្រសើរជាងមុន និងប្រើប្រាស់ទេពកោសល្យរបស់ខ្ញុំក្នុងផ្លូវវិជ្ជមានទាំងនៅក្នុង និងក្រៅទីលាន”។
Greenwood ដែលសល់កុងត្រាដល់ឆ្នាំ២០២៥ អាចនឹងត្រូវលក់ ឬខ្ចីទៅក្លិបផ្សេងទៀត។ រូបគេនៅតែទទួលបានប្រាក់ឈ្នួលពេញលេញ ប៉ុន្តែនឹងមិនត្រឡប់ទៅហ្វឹកហាត់ជាមួយសមាជិកក្រុម Man Utd វិញទេ៕