នៅថ្ងៃទី២២ ខែសីហានេះ កីឡាករជម្រើសជាតិ ទឹម វង្សរ៉ាវុធ ដែលជាតំណាងមកពីក្លិបបាល់ទាត់ណាហ្គាវើលដ៍ កំពុងធ្វើដំណើរទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ IESF 15th World E Sports Championship 2023 នៅទីក្រុង IASI ប្រទេសរ៉ូម៉ានី ចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
ទឹម វង្សរ៉ាវុធ ដែលជាម្ចាស់ជើងឯកពានរង្វាន់ e-Cambodian Premier League វគ្គជម្រុះ នឹងប្រកួតនៅលើវិញ្ញាសា e-Football-Console ដឹកនាំដោយឯកឧត្តម លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា EFC ដោយគ្រោងចូលរួមកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ IESF ក្នុងឱកាសនេះផងដែរ។
ការប្រកួតវិញ្ញាសា e-Football console ចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា មាន ១៦ពូល ស្មើនឹង ៩៧ប្រទេស ដោយកម្ពុជាស្ថិតនៅពូល F រួមមានប្រទេស ហ្ស៊ីមបាវ៉េ ប៉ាណាម៉ា អ៊ូបេគីស្ថាន អូទ្រីស និងប្រទេសអាហ្សេបៃហ្សង់។
គួរដឹងផងដែរ ព្រឹត្តិការណ៍ IESF 15th World E Sports Championship 2023 មានប្រាក់រង្វាន់សរុប ៥០ម៉ឺនដុល្លារអាមេរិក ដែលមានប្រទេសជុំវិញពិភពលោកចូលរួមប្រកួតលើវិញ្ញាសា CS:GO ផ្នែកបុរស និងផ្នែកនារី, Dota 2, e-Football, Tekken 7, Mobile Legends: Bang Bang និង PUBG Mobile៕